ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅវិទ្យស្ថានជាតិអប់រំ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ២,១២៥នាក់ ក្នុងនោះក៏មាននិស្សិតដែលទទួលបានអាហារូបករណ៍របស់ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៣៩ នាក់ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញមកប្រគល់ សញ្ញាបត្រដល់និស្សិតសាលកវិទ្យាល័យ អាស៊ីអឺរ៉ុប ដែលទទួលបានជោគជ័យក្នុងការសិក្សា រួមមាន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នាពេលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្តេចបានចូលរួមផ្តល់កិត្តិយសប្រគល់សញ្ញាបត្រ ដល់និសិត្សនៃសាលកវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១១ដងហើយ គិតចាប់ពីឆ្នាំ២០០៣មក។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានអរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលបានប្រែក្លាយពីអង្គការក្រៅរដ្ឋាភិបាលមកជា សាលកវិទ្យាល័យដ៏ល្បីមួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។

វិស័យអប់រំនៅតែជាវិស័យអាទិភាពមួយក្នុងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះវិស័យឯកជនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនេះ ក៏ដូចជាវិស័យដ៏ទៃៗទៀត ដែលបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យមានការរីកលូតលាស់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាត្រូវតែជំរុញវិស័យអប់រំនេះអោយបានខ្លាំងថែមទៀត ដើម្បីឲ្យធនធានមនុស្សយើងកាន់តែសំបូរបែប ក្នុងពេលបច្ចុប្បន្នដែលកម្ពុជាកំពុងទទួលបានការវិនិយោគជាច្រើនពីបរទេស ហើយក្នុងនោះក្រុមហ៊ុនសហគ្រាសបរទេសមួយចំនួនក៏កំពុងត្រូវការធនធានមនុស្សរបស់ខ្មែរផងដែរ។

នៅថ្ងៃនេះ ទាក់ទិនទៅនឹងស្ថានភាពនយោបាយនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ច្បាស់ៗជាថ្មីថា:

១)មិនមានការចរចាជាមួយក្រុមជនក្បត់ជាតិ។

ទី២)មិនមានការលើកលែងទោសជាដាច់ខាតចំពោះក្រុមជនក្បត់ជាតិ និង

ទី៣)គឺមានការបោះឆ្នោតជាតិតាមកាលកំណត់ជាធម្មតានៅថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកោតសរសើរ និងអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ សម្តេចតេជោ បានជូនពរឲ្យដល់ជ័យលាភីទាំងអស់ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។ សម្តេចតេជោ ក៏បានអរគុណដល់សាកលវិទ្យាល័យដែលបានផ្តល់អាហារូបករណ៍ដល់សម្តេចដើម្បីបានផ្តល់ជូននិស្សិតក្រីក្រជាបន្តទៀត។ ក្រៅពីនោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតក៏បានឧបត្ថម្ភជាអង្កជាង២តោនក្នុង១ខែ និងថវិកាជាង ៦០ លានរៀលក្នុង១ឆ្នាំជូនដល់សាកលវិទ្យាល័យផងដែរ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតដែលបានបញ្ចប់ការសិក្សានៅសាលកវិទ្យាល័យអាស៊ីអឺរ៉ុប និងបានថតរូបអនុស្សាវរីយ៍ ព្រមទាំងបានផ្តល់ថវិកាឧបត្ថម្ភមួយចំនួនដល់និស្សិតក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖