ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសចំនួន ៣នាក់បានរងរបួសស្រាលធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងគោយន្តកន្រ្តៃ នៅគ្រាដែលគោយន្តកន្រ្តៃកំពុងបើកឆ្លងថ្នល់។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៥ និង២០នាទី ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៤-២០៥ ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ជនរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត គោយន្តកន្រ្តៃខាងលើ ទី១ ឈ្មោះ ផល រដ្ឋា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងឈូក ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ជាអ្នក(បើកបរគោយន្តកន្រ្តៃ) និងអ្នករួមដំណើរទី១ ឈ្មោះ សាញ់ ផល ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ ហាង វណ្ឌី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់រស់នៅភូមិ..ឃុំជាមួយគ្នា និងអ្នកបើកបរគោយន្តកន្រ្តៃ។
លោក វរសេនីយ៍ឯកបន្តថា ហេតុការណ៍ខាងលើនេះមុនកើតហេតុគេឃើញរថយន្ត ១គ្រឿងម៉ាក ទូយូតាស៊ីណា ពណ៏ស ពាក់ស្លាកលេខ បាត់ដំបង 2C 7989 បើកបរដោយឈ្មោះ ចៅ សេងហួត ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរតាគម១ សង្កាត់ទួលតាឯក ក្រុង.ខេត្តបាត់ដំបង ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកគោយន្តកន្រ្តៃសណ្ដោងរឺម៉ក ដែលកំពុងធ្វើចរាចរណ៍ឆ្លងផ្លូវពីជើងទៅត្បូងពេញទំហឹង បណ្ដាលឲ្យធ្លាក់ផ្លូវរបួសរដូករណេលតែម្តង។
លោក បន្តទៀតថា ភ្លាមៗនោះជនរងរបួសត្រូវបានគេបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកបឹងខ្នារ ចំណែកវត្ថុតាងទាំងគោយន្តកន្រ្តៃសណ្ដោងរឺម៉ក និងរថយន្តម៉ាក ទូយូតាស៊ីណា រក្សាទុកជាបណ្ណោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕ ប៉ឹម ពិន