ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ និងគណៈកម្មការវត្តបទុមសាគរចោទប្រកាន់មន្ត្រីម្នាក់កាយរំលើងភ្នំយកអចម៍ដីលក់

ចែករំលែក៖

ភ្នំពេញ ៖ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបទុមសាគរ ខេត្តកោះកុង ត្រូវបាន ប្រជាពលរដ្ឋ រស់នៅភូមិប្រទាល ក្នុងឃុំ អណ្ដូងទឹក ចោទប្រកាន់ថាបានរំលោភជីកកកាយភ្នំយកអាចម៍ដីលក់ ក្នុងវត្តបទុមគិរី ហៅវត្តតាអុក ប៉ុន្តែជំនាញមន្ទីររ៉ែ និងថាម ពល និងអាជ្ញាធរពាក់ព័ន្ធគ្មានវិធានការទប់ស្កាត់នោះឡើយដោយសង្ស័យទទួលបានលាភសក្ការៈពីឈ្មួញជីកដីភ្នំនេះ។

ប្រជាពលរដ្ឋបានឲ្យដឹងថា លោក សន យ៉ាន មេបញ្ជាការកងរាជអាវុធហត្ថ ស្រុក​បទុមសាគរ ដាក់គ្រឿងចក្រធ្វើសកម្មភាពជីកកកាយភ្នំ ក្នុងវត្តបទុមគិរី ហៅវត្ត តាអុក​នេះ យកអាចម៍ដីលក់យកលុយដាក់ហោប៉ៅយ៉ាងរំភើយ គ្មានឃើញមន្ត្រីជំនាញណាទប់ស្កាត់នោះទេ។ ប្រជាពលរដ្ឋបន្តទៀត​ថា ប្រសិនបើគ្មានវិធានទប់ទេនោះ ភ្នំក្នុង​វត្តបទុមសាគរ ពិតជារលាយមិនខាន សូម​លោកស្រី មិថុនា ភូថង អភិបាលខេត្ត កោះ​កុង ពិនិត្យឡើងវិញ និងចាត់វិធានការទប់ស្កាត់កុំឲ្យបទល្មើសកើតឡើងតទៅទៀត។

ប្រជាពលរដ្ឋ ភូមិប្រទាល ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុងបាននិយាយ ថា ដីភ្នំក្នុងវត្តបទុមគិរី ហៅវត្តតាអុកមាន អាយុកាលរាប់រយឆ្នាំ ប៉ុន្តែត្រូវបានឈ្មួញដាក់គ្រឿងចក្រជីកកកាយយកអាចម៍ដី លក់យ៉ាងអនាធិបតេយ្យ។ ប្រជាពល រដ្ឋបានឲ្យដឹងទៀតថា អ្នកដែលដាក់គ្រឿងកាយយកអាចម៍ដីមានឈ្មោះ សន យ៉ាន ជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកបទុមសាគរ កំពុងជីកភ្នំ និងដឹកជញ្ជូនអាចម៍ដីលក់យ៉ាងគគ្រឹកគ្រេង។

ប្រភពពីព្រះសង្ឃ និងគណៈកម្មការ វត្តបទុមគិរី បានប្រាប់ទៅអាជ្ញាធរឃុំ ស្រុក ជាច្រើនលើក ប៉ុន្តែអាជ្ញាធរក៏ដូចជាមន្ត្រី មន្ទីររ៉ែ និងថាមពលខេត្តកោះកុង គ្មានវិធាន ការទប់ស្កាត់ឡើយ។ ប្រភពបន្តទៀតថា សកម្មភាពកាយយកអាចម៍ដីភ្នំក្នុងវត្តនេះ គ្មានច្បាប់នោះទេ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ នគរវត្ត មិនអាចទំនាក់ទំនងសុំការបក ស្រាយពី លោក សន យ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកបទុមសាគរបាន ឡើយ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នេះ៕ ហេង នរិន្ទ្រ


ចែករំលែក៖