ខេត្តបាត់ដំបង៖ ក្រុមប្រជាពលរដ្ឋជាង ៣០គ្រួសារ ដែលរស់នៅភូមិឥន្ទជិត ឃុំ ឈើទាល ស្រុកបាណន់ បានផ្ទុះការតវ៉ា រឿងដែលអាជ្ញាធរស្រុក អនុញ្ញាតឲ្យខាង មន្ត្រីអភិរក្សបូមទឹកបឹងបង្ហូរចោល ។ ខណៈ ដែលពួកគាត់កំពុងត្រូវការទឹកស្រោច ស្រពផលដំណាំ។
លោក ប៉យ ទៀប តំណាងឲ្យប្រជា ពលរដ្ឋទាំង៣០គ្រួសារ ដែលរស់នៅជុំវិញ បឹងក្រពើហា ស្ថិតក្នុងភូមិឥន្ទជិត ឃុំឈើ ទាល ស្រុកបាណន់ បានប្រាប់ឲ្យដឹង កាលពីថ្ងៃទី២៦ មីនា ថា បឹងក្រពើហា ជាបឹងបុរាណធម្មជាតិរបស់រដ្ឋ ហើយបឹង មួយនេះពីដើមឡើយក្រទឹកប្រើប្រាស់ណាស់ តែក្រោយពេលដែលរាជរដ្ឋាភិបាលកសាងប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែង ប្រជាពលរដ្ឋក៏នាំគ្នាជីកដីកប់លូបង្ហូរទឹកទម្លាក់ចូល ក្នុងបឹង ទើបបានទឹកយកមកប្រើប្រាស់ ដើម្បីស្រោចស្រពផលដំណាំគ្រប់គ្រាន់ជាប្រចាំឆ្នាំរហូតដល់សព្វថ្ងៃ ។
លោកបន្តថា តែបានរយៈពេលតែ៤ទៅ ៥ឆ្នាំប៉ុណ្ណោះ បែរជាបឹងនេះត្រូវគេយកដាក់ជាបឹងអភិរក្សត្រីទៅវិញ ទាំងដែលអង្គការមិនទាន់បានកសាងអ្វីបន្តិចផង ហើយ ពេលនេះត្រូវបានអាជ្ញាធរឲ្យខាងមន្ត្រី អភិរក្សបូមទឹកបឹង ដែលប្រជាពលរដ្ឋកំពុងតែត្រូវស្រោចស្រពផលដំណាំយកទៅ បង្ហូរចោលទៀត ទើបធ្វើឲ្យពួកគាត់មិន ពេញចិត្តក៏នាំគ្នាតវ៉ាតែម្តង។
ពាក់ព័ន្ធករណីនេះដែរ លោក ជុំ ញ៉រ អភិបាលស្រុកបាណន់បានប្រាប់ថា លោក រវល់ឡើងមកប្រជុំនៅភ្នំពេញ សូមទាក់ទងទៅខាងលោកមេឃុំទៅ។
ចំណែកលោកកោះសេងហាវ មេឃុំឈើទាលបានប្រាប់ដែរថា រឿងបូមទឹកបឹងបង្ហូរចោលខាងលើនេះ លោកបានធ្វើច្បាប់ដាក់ដល់ស្រុកដល់ខេត្ត ដើម្បីស្នើសុំជីក កាយបឹងឲ្យជ្រៅដាក់ចិញ្ចឹមត្រីឲ្យបងប្អូន រកទទួលទានជាលក្ខណៈគ្រួសារ ហើយមុននឹងលោកឲ្យគេបូមទឹកចេញនេះ លោកបានប្រកាសចេញលិខិតប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹងនេះឲ្យត្រៀមលក្ខណៈជាមុនហើយ គឺសុំពេលតែ ២ខែប៉ុណ្ណោះ។ អស់លោកព័ត៌មានកុំចេះតែពលរដ្ឋប្តឹងនាំគ្នាមក ,ពលរដ្ឋប្តឹងនាំគ្នាមក ,ហើយពលរដ្ឋនេះវិញឲ្យតែឃុំ ធ្វើអីខុស បន្តិចអាងអីប្តឹង អាងអីប្តឹង ប្រជាពលរដ្ឋ ២៨០គ្រួសារគេអូខេទាស់តែពលរដ្ឋតែ ប៉ុន្មានគ្រួសារនេះ។
បើទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងមួយនេះ សុំសំណូមពរ ឲ្យដាក់បឹងនេះ ជាបឹងសាធារណៈដូចដើម វិញ ដើម្បីរក្សាការពារជាបឹងរបស់រដ្ឋដូច លំនាំដើម ៕ ហេង នរិន្ទ្រ