ខេត្តកណ្ដាល៖ បុរសម្នាក់ជិះម៉ូតូដោយល្បឿនលឿន និងមិនប្រកាន់ស្ដាំបានជ្រុលទៅបុករថយន្ដមួយគ្រឿងបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូដួលបោកក្បាលទៅនឹងផ្លូវទទួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិពោធិរាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈ្មោះ ថុល នីត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដា MSX ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1T-9927 (អត់កញ្ចក់មើលក្រោយ និងគ្មានមួកការពារសុវត្ថិភាព) ។ ចំណែករថយន្ដម៉ាក FRONTIER ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាប 2B-1193 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកជិះម៉ូតូ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅជ្រៃធំ ) ដោយល្បឿនលឿន និងមិនប្រកាន់ស្ដាំនោះទេ លុះជិះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកជាមួយ និងរថយន្ដមួយគ្រឿងបើកច្រាស់ទិសគ្នាចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូដួលបោកក្បាលទៅនឹងផ្លូវរងរបួសធ្ងន់តែម្ដង ។ ចំណែកអ្នកបើកបររថយន្ដបានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់កើតឡើង សមត្ថកិច្ចបានពិនិត្យវាស់វែង និងកសាងឯកសារដកហូតយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ៕ ស្អាងជ័យ