ពលរដ្ឋមួយចំនួន បញ្ចេញទស្សនៈថា មេគុកទូទាំងប្រទេសគួរមានទោស បើសិនមានការអនុញ្ញាតឱ្យមានការប្រើប្រាស់ទូរស័ព្ទ ជាថ្នូរនឹងលាភសក្ការៈ ។ ម្សិលមិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមានមេគុកព្រៃស ធ្ងន់ៗដែលធូររលុងឱ្យលោកមាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារបាន ។ អ្នកដឹងរឿងច្បាស់ អះអាងថា រឿងអាស្រូវនេះ កើតឡើងជាយូរណាស់មកហើយ បានជាក្លាយជាជំងឺមហារីកថែមទៀតផង ។
មានប្រសាសន៍ទៅកាន់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែមីនា សម្តេចបញ្ជាដោយផ្ទាល់មាត់យ៉ាងម៉ឺងម៉ាត់ឱ្យមេគុកព្រៃស ដកទូរស័ព្ទពីលោក មៀច សុវណ្ណារ៉ា ជាបន្ទាន់ ។ មៀច សុវណ្ណរ៉ា លួចនិយាយទូរស័ព្ទរៀងរាល់ថ្ងៃ ហេតុអ្វីអាមេគុកនឹងមិនដឹង ខ្ញុំទុកពេលឱ្យមួយម៉ោងទៀត ត្រូវដកទូរស័ព្ទពីមៀច សុវណ្ណរ៉ា ឱ្យបាន ហើយឆែកមើលកន្លែងជាប់ឃុំផង តើមានស្អីខ្លះទៀតនៅកន្លែងនឹង….។
កន្លងមកមានរឿងអាស្រូវដ៏ធំមួយចេញពីពន្ធនាគារព្រៃស គឺ មេខ្លោងគ្រឿងញៀនម្នាក់ អាចមានសិទ្ធិប្រើប្រាស់ទូរស័ព្ទ បញ្ជាកូនចៅឱ្យចរាចរណ៍គ្រឿងញៀននៅក្រៅជាធម្មតា ។ ប៉ុន្តែក្រោយមក រឿងនេះ ត្រូវបែកការណ៍ ។
ពលរដ្ឋចង់ឃើញចំណាត់ការយ៉ាងតឹងរ៉ឹងមួយ ចំពោះមេគុកទូទាំងប្រទេសដែលធូររលុងអនុញ្ញាតឱ្យអ្នកទោសប្រើប្រាស់ទូរស័ព្ទបាន ជាថ្នូរនឹងលាភសក្ការៈ ផ្សេងៗ ។ នេះក៏ជាការចូលរួមលុបបំបាត់និងកែទម្រង់លើប្រព័ន្ធពន្ធនាគារកម្ពុជាផងដែរ៕ ចេស្តា