ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែកំពង់ចម្លងឫស្សីស្រុកកណ្តាលកោះអន្លង់ចិនយកលុយពីពលរដ្ឋឆ្លងដរតាមអំពើចិត្ត

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ និង មន្ត្រីរាជការសម្តែងការមិនពេញចិត្តចំពោះម្ចាស់ កំពង់ចម្លងឫស្សីស្រុក កណ្តាលកោះអន្លង់ចិន ស្ថិតនៅក្នុងឃុំឈើទាល ស្រុកកៀនស្វាយ និង ឃុំកោះអន្លង់ចិន ស្រុកស្អាង ។ ការសម្តែងភាពមិនពេញចិត្តនេះ ដោយសារម្ចាស់កំពង់ចម្លងខាងលើនេះ បានយកលុយលើសសៀវភៅបន្ទុក​ មិនតែប៉ុណ្ណោះសូម្បីតែមន្ត្រីរាជការក៏យកលុយដែរ ។ ប្រជាពលរដ្ឋនិយាយថា ម្ចាស់កំពង់ចម្លងមិនបានសរសេរស្លាកតម្លៃសេវាចម្លងឲ្យពួកគាត់បានដឹងទេ ហើយយកតម្លៃឆ្លងច្រើនហួសកម្រិតពីកំពង់ចម្លងផ្សេងទៀត ។ ចំពោះរឺម៉កសណ្តោងមួយគ្រឿងម្ចាស់កំពង់ចម្លងយកលុយចាប់ពី ៥០០០ ទៅ ១២០០០ រៀល ។ ចំណែករថយន្តមួយគ្រឿងយកលុយពី ៨០០០ ទៅ ៤០០០០ រៀល តែបើរថយន្តមានដឹកទំនិញបន្តិចបន្ទួចម្ចាស់កំពង់ចម្លងយកលុយចាប់ពី ៥០០០០ ទៅ ៨០០០០ រៀល ។ ចំណែកមន្ត្រីរាជការក៏បាននិយាយដែរថា ពួកគាត់ជាមន្ត្រីរាជការបានចុះបេសកកម្មធ្វើការតាមមូលដ្ឋាន ហើយបើទោះបីម្ចាស់កំពង់ចម្លងដឹងថាពួកគាត់ជាមន្ត្រីរាជការក៏ដោយ ក៏នៅតែយកលុយដែរ ហើយយកលើសពីសៀវភៅបន្ទុកទៀត ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ ម្ចាស់កំពង់ចម្លងខាងលើបានធ្វើការបកស្រាយថា ការយកលុយគឺយកទៅតាមទំហំនៃការដឹក មិនមែនចេះតែយកទេ បើសិនជារថយន្ត រឺម៉កនោះមិនមានដឹកអ្វី គឺយកតាមតម្លៃភាស៊ី តាមទំហំនៃ ម៉ូតូ, រ៉ឺម៉ក និងរថយន្ត ។ ក្នុងរថយន្តមួយគ្រឿងតម្លៃ ៨.០០០រៀល ទៅ១០.០០០រៀល ទៅតាមរថយន្តតូចធំ ចំណែករថយន្តដឹកទំនិញធំៗ ដូចជាដឹកអង្ក, ដឹកគ្រឿងសំណង់ និងទំនិញធ្ងន់ៗផ្សេងៗ ទំងន់ប្រហែល ៤-៥តោន គឺយកតម្លៃ ៤ម៉ឺនរៀល ក្នុងរថយន្តមួយគ្រឿង ។ ចំពោះបញ្ហាដែលថា យកលុយក្នុងរ៉ឺម៉កមួយគ្រឿង ចាប់ពី ៥.០០០រៀល ទៅ១២.០០០រៀល នោះ គឺចំពោះតែរ៉ឺម៉កធំៗ ទំហំប៉ុនរថយន្ត ហើយដឹកគ្រឿងសង្ហារឹមធ្ងន់ៗ ។

ម្ចាស់កំពង់ចម្លងដដែលបន្តថា ការប្រកបរបរនេះរយៈពេល៥ឆ្នាំហើយ ហើយមូលហេតុដែលមិនបានដាក់តារាងតម្លៃ គឺដោយសារតែលោករៀបចំមិនទាន់ ហើយលោកយកលុយគឺមិនដែលលើសពីភាស៊ីនោះទេ ហើយពេលខ្លះក៏យកក្រោមតម្លៃភាស៊ីទៀតផងដែរ ។

បើទោះបីមានការបកស្រាយពីសំណាក់ម្ចាស់កំពង់ចម្លងយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋ និង មន្ត្រីរាជការនៅតែទទូចស្នើសុំដល់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត ពិសេសឯកឧត្តមអភិបាលខេត្តកណ្តាលជួយពិនិត្យលើការធ្វើអាជីវកម្មកំពង់ចម្លងមួយនេះដើម្បីកាត់បន្ថយភាពក្រីក្ររបស់ពួកគាត់ ៕ ស្អាងជ័យ


ចែករំលែក៖