ខេត្តព្រះវិហារ ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ មីនានេះ បានដឹកនាំប្រតិភូសាលាខណ្ឌទាំង១២ មកដល់តំបន់ប្រាសាទព្រះវិហារ ដើម្បីនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាច្រើនលានរៀលមកចែកជូនមន្រ្តីយោធា ដែល កំពុងឈរជើងការពារទឹកដី នៅតំបន់សមរភូមិប្រាសាទព្រះវិហារ ដែលបានចងសម្ព័ន្ធភាពរវាងសមរភូមិជួរមុខ និងសមរភូមិខាងក្រោយជាច្រើនឆ្នាំកន្លងមកនេះ។
ពិធីចែកជូនមន្រ្តីនាយទាហាន ពលទាហាន បានធ្វើឡើង នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតនៅតំបន់អូរជុញ ភូមិសែនរុងរឿង ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការទទួលស្វាគមន៍គណ:ប្រតិភូ ពីសំណាក់នាយឧត្តមសេនីយ៍ អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៌ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៌លេខ៣ ព្រមទាំងមន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបញ្ជាក់អំពីចំណងសម្ព័ន្ធមេត្រីភាព រវាងសាលារាជធានីភ្នំពេញ ជាមួយនឹងកងពលធំអន្តរាគមន៍លេខ៣ យើងឃើញថា បើគិតពីប្រវត្តិរបស់រាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរបស់រាជធានីភ្នំពេញ មន្រ្តី មន្ទីរជុំវិញរាជធានីភ្នំពេញ គឺមានរយៈពេល១៦ឆ្នាំហើយ ។ លោកបានថ្លែងថា៖ ថ្នាក់ដឹកនាំរបស់រាជធានីភ្នំពេញ មន្រ្តី មន្ទីរជុំវិញរាជធានីភ្នំពេញ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានរួមចំណែកជួយអភិវឌ្ឍន៍តំបន់ព្រះវិហារ ជាពិសេសប្រាសាទ ព្រះវិហារ រាប់តាំងពីឆ្នាំ២០០២មកម្ល៉េះ ដែលបានផ្តល់ជូនឧបត្ថម្ភដល់កងទ័ពនៅសមរភូមិមុខ ថ្វីត្បិតតែជំនាន់នោះ មិនទាន់មានសង្រ្គាម ប៉ុន្តែការលំបាកផ្លូវគមនាគមន៍ ការលំបាកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមិនទាន់មានការអភិវឌ្ឍ ។ លោកបន្តថា៖ នៅក្រោយឆ្នាំ២០០៨ សត្រូវថៃដែលបានឈ្លានពានតំបន់ប្រាសាទព្រះវិហារ គឺសាលារាជធានីភ្នំពេញ បានជួយឧបត្ថម្ភសមរភូមិមុខទិសប្រាសាទព្រះវិហារមុនគេ ជាពិសេសប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានមកដល់ទីនេះតែម្តង និងបានឡើងដល់ខ្សែត្រៀមជាមួយនឹងថ្នាក់ដឹកនាំមួយចំនួន ហើយគិតមកដល់ពេលសម្ព័ន្ធមេត្រីភាពរវាងកងពលធំអន្តរាគមន៍លេខ៣និងសាលារាជធានីភ្នំពេញ មានរយៈ ពេល៦ឆ្នាំហើយ ។
ក្នុងឱកាសនេះដែរ ប្រតិភូសាលារាជធានីភ្នំពេញ ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នាំមកនាពេលនេះ រួមមានជូនកងពលធំអន្តរាគមនលេខ៣ ចំនួន៤០លានរៀល។ មេបញ្ជាការ១រូប ទទួលបានថវិកាចំនួន៤សែនរៀល មេបញ្ជាការរង ២៩នាក់ក្នុងម្នាក់ៗទទួលបានថវិកា ២០មុឺនរៀល នាយសេនាធិការរង នាយ នាយរងការិយាល័យ មេបញ្ជាការ បញ្ជាការរងវរសេនាតូច មេបញ្ជាការ មេបញ្ជាការកងអនុសេនាធំ អនុសេនាតូច៣៥៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០មុឺនរៀល នាយទាហាន ពលទាហាន៥៩៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥មុឺនរៀល ។
គ្រឿងឧបភោគ បរិភោគ មានមីចំនួន៣០០កេសតូចទឹកត្រីចំនួន១៥០យួរ ទឹកស៊ីអ៊ីវចំនួន១៥០យួរ ទឹកសុទ្ធចំនួន៦០០កេស ប្រេងម៉ាស៊ូត ១០០០០ លីត្រថ្នាំពេទ្យ២២មុខ។ កងពលតូចអន្តរាគមន៍លេខ៩ ចំនួន៤០លានរៀលក្នុងនោះ មេបញ្ជាការ១រូប ទទួលបានថវិកាចំនួន៤សែនរៀល មេបញ្ជាការរង ១៨នាក់ក្នុងម្នាក់ៗទទួលបានថវិកា ២០មុឺនរៀល នាយសេនាធិការរង នាយ នាយរងការិយាល័យ មេបញ្ជាការ បញ្ជាការរងវរសេនាតូច១៥២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០មុឺនរៀល។
នាយនិងពលទា ហាន១២២៣នាក់ក្នុងម្នាក់ៗទទួលបានថវិកា ៥មុឺនរៀល ។គ្រឿងឧបភោគ បរិភោគ មានមីចំនួន៥០០កេសតូច ទឹកត្រីចំនួន១៥០យួរ ទឹកស៊ីអ៊ីវចំនួន១៥០យួរ ទឹកសុទ្ធចំនួន៩០០កេស ប្រេងម៉ាស៊ូត ៥០០០លីត្រ។
វរៈនគរបាលការពារព្រំដែន៧៩៣ ចំនួន១០លានរៀល ក្នុងនោះមេបញ្ជាការ១រូប ប្រចាំទិសភូមិភាគ៤ម្នាក់ទទួលបានថវិកាចំនួន៦សែនរៀល មេបញ្ជាការម្នាក់៤សែនរៀល មេបញ្ជាការរង ៦នាក់ក្នុងម្នាក់ៗទទួលបានថវិកា ២០មុឺនរៀល នាយនិងពលនគរបាល២៨០នាក់ក្នុងម្នាក់ៗទទួលបានថវិកា ៥មុឺនរៀល ។ គ្រឿងឧបភោគ បរិភោគ មានមីចំនួន១០០កេសតូច ទឹកត្រីចំនួន១០០យួរ ទឹកស៊ីអ៊ីវចំនួន១០០យួរ ទឹកសុទ្ធចំនួន៤០០កេស ។
មេបញ្ជាការដ្ឋានអង្គរក្ស ទទួលបានថវិកា៤០លានរៀល គ្រឿងឧបភោគ បរិភោគ មានមីចំនួន២៥០កេសតូចទឹកត្រីចំនួន១០០យួរ ទឹកស៊ីអ៊ីវចំនួន១០០យួរ ទឹកសុទ្ធចំនួន៦០០កេស ។ អគ្គបញ្ជាការប្រចាំទិសប្រាសាទព្រះវិហារ ទទួលបានថវិកាចំនួន៥លានរៀល។វត្តឧត្តមសែនជ័យ(នៅកងពលតូចអន្តរា គមន៍លេខ៩ ទទួលបានថវិកាចំនួន៣លានរៀល៕ សំរិត