ទិវាស្រាវជ្រាវបារាំង-កម្ពុជាលើកទី១បានប្រារព្ធបើកជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដោយលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពីតំណាងអាជ្ញាធរកម្ពុជាជាច្រើនរូប។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងក្របខ័ណ្ឌនៃកម្មវិធីបារាំង២សប្តាហ៍នៅភ្នំពេញដោយស្ថានទូតបារាំងនិងវិទ្យាស្ថានបារាំងនៅកម្ពុជា រួមសហការជាមួយសាកលវិទ្យាល័យនិងស្ថាប័នស្រាវជ្រាវនានា ក្នុងគោលបំណងលើកស្ទួយការងារស្រាវជ្រាវ និងអាជីពវិទ្យាសាស្រ្តនៅកម្ពុជា។
ទិវានេះនឹងជំរុញឱ្យនិស្សិត-សាស្ត្រាចារ្យកម្ពុជាងាកមកផ្តោតការយកចិត្តទុកដាក់ទៅលើការស្រាវជា្រវ ដើម្បីអភិវឌ្ឍប្រទេសជាតិ។ ទិវានេះគឺជាឱកាសនៃការជួបជុំគ្នានិងចងក្រងបណ្តាញរវាងតួអង្គមកពីគ្រប់មជ្ឈដ្ឋាន ដូចជានិស្សិត អ្នកស្រាវជ្រាវ ស្ថាប័ន ក្រុមហ៊ុន… ។ តាមរយ:ព្រឹត្តិការណ៍ខាងលើ សាធារណជនអាចស្វែងយល់ផងដែរអំពីគម្រោងស្រាវជ្រាវនៅកម្ពុជាធ្វើឡើងដោយស្ថាប័នបារាំង ដោយសហការជាមួយដៃគូកម្ពុជា និងអន្តរជាតិ។ នៅក្នុងទិវាស្រាវជ្រាវនេះមានការពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាលើប្រធានបទ និងបញ្ហាប្រឈមនានានៅក្នុងការងារស្រាវជ្រាវ ក៏ដូចជាសារសំខាន់នៃការស្រាវជ្រាវក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ មនុស្សប្រមាណ៣០០នាក់បានចុះឈ្មោះចូលរួមក្នុងទិវានេះ។
ក្នុងរយ:ពេល២ថ្ងៃ កម្មវិធីជាច្រើនត្រូវបានរៀបចំឡើងដើម្បីលើកស្ទួយតម្លៃការងារស្រាវជ្រាវនិងគម្រោងដែលមានលក្ខណៈបង្កើតថ្មីរបស់និស្សិតនិងអ្នកស្រាវជ្រាវវ័យក្មេងនៅកម្ពុជា។ ក្រៅពីសន្និសីទ បទបង្ហាញ និងកិច្ចពិភាក្សាតុមូល វេទិកាមួយស្តីពីការស្រាវជ្រាវនិងការបង្កើតថ្មីត្រូវបានរៀបចំដើម្បីបង្ហាញស្នាដៃស្រាវជ្រាវប្រមាណ៣០របស់និសិ្សតនិងអ្នកស្រាវជ្រាវវ័យក្មេងកម្ពុជា។ គម្រោងបង្កើតថ្មីរបស់ពួកគេក៏ត្រូវដាក់តាំងបង្ហាញនៅតាមស្តង់នានាផងដែរ។ ចំណែកឯសាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ វិស័យឯកជននិងអង្គការក្រៅរដ្ឋាភិបាលក៏ដាក់បង្ហាញស្នាដៃនិងសកម្មភាពរបស់ខ្លួននៅតាមស្តង់ប្រមាណ៣០ផ្សេងទៀត។
សូមបញ្ជាក់ថា ប្រទេសបារំាងតែងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍការងារស្រាវជ្រាវនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យនេះ។ បារាំងបានគាំទ្រគោលនយោបាយកម្ពុជាក្នុងការដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលថ្នាក់បណ្ឌិតនៅតាមសាកលវិទ្យាល័យ ហើយស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនការចំណាយលើការស្រាវជ្រាវ ដែលត្រូវបានប្រកាសកាលពីពេលថ្មីៗនេះដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ។ អ្នកស្រាវជ្រាវជាច្រើនរូបមកពីបណ្តាស្ថាប័នបារាំងល្បីៗលើឆាកអន្តរជាតិ កំពុងដឹកនាំគម្រោងស្រាវជ្រាវនៅកម្ពុជាដោយរួមសហការជាមួយដៃគូកម្ពុជា៕
ព័ត៌មានបន្ថែម សូមទាក់ទងលោកស្រី Frédérique Reigney (frederique.reigney@diplomatie.gouv.fr)