ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេព្រៃខេត្តកំពង់ធំគ្រប់ទឹក

ចែករំលែក៖

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សណ្ដាន់ ស្រុក​សន្ទុក ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​លោក ប៊ុន សុធី មកកាន់​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ជំនួស​លោក តឹ​ប ញាតា រួចមក​គឺ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​សណ្ដាន់ និង​ស្រុក​សន្ទុក បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​មូលដ្ឋាន​ពួកគាត់​យ៉ាង​អនាធិបតេយ្យ ហើយ​មិនទាន់​ឃើញ​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ មានការ​រិះគន់ថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បង្ក្រាប​តែ​ពលរដ្ឋ​ដឹកឈើ ដឹកអុស បន្តិចបន្តួច​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​កូរ៉េ​ធំៗ​យកទៅលក់​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​ស្ទឹងសែន និង​តាម​បណ្ដា​ស្រុក​មួយចំនួន​មិនដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប​ឡើយ​។

ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ចុង​ដូង ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ដេប៉ូ​របស់​ឈ្មួញ​ឈ្មោះ ចែ​ម៉ៅ ក្នុងភូមិ​ចុង​ដូង នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​បារាយណ៍ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​នេះ​ចាត់ទុក​ឈ្មួញ​ឈ្មោះ ចែ​ម៉ៅ ជា​ប្រភព​ចំណូល​របស់ខ្លួន​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់​ពួកគេ​។ ហេតុនេះ​ប្រសិនបើ​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ចែ​ម៉ៅ ទេនោះ​គួរ​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ម្នាក់នេះ​ជាបន្ទាន់​ដើម្បី​ជាការ​ព្រមាន​ដល់​ឈ្មួញ​ដទៃទៀត​ផងដែរ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ឈើ​ដែល​គេ​ដឹកជញ្ជូន​ចេញពី​ដេប៉ូ ចែ​ម៉ៅ គឺ​យកទៅលក់​ចែកចាយ​តាម​បណ្ដា​ខេត្ត​មួយចំនួន ជាពិសេស​នៅក្នុង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​បារាយណ៍ បាន​ឲ្យ​ដឹងថា ចែ​ម៉ៅ គឺជា​ឈ្មួញ​រកស៊ី​ប្រមូល​ទិញ​ឈើ​ស្តុក​ទុក​ក្នុង​ដេប៉ូ​របស់ខ្លួន ហើយ​ដឹកជញ្ជូន​យកទៅ​ចែកចាយ​តាម​បណ្ដា​ខេត្ត​នានា​ជា​យូរ​ឆ្នាំ​មកហើយ មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​បារាយណ៍ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ដោយសារតែ​ជំនួញ​ឈើ​យ៉ាង​រលូន​របស់​ឈ្មួញ​ឈ្មោះ ចែ​ម៉ៅ ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​សណ្ដាន់ និង​ស្រុក​សន្ទុក នៅតែ​បន្ត​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​ ​៕


ចែករំលែក៖