ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃប្រតិបត្តិការតាមចាប់រថយន្តធុនធំមួយគ្រឿងសង្ស័យលួចផ្ទុកនិងដឹកជញ្ជូនឈើខុសច្បាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃ ជិត១០នាក់ និងរថយន្ត៣គ្រឿង បានបើកប្រតិបត្តិការប្រដេញតាមចាប់រថយន្តធុនធំមួយគ្រឿង តាំងពីចំណុចអូរមីស ក្រុងសែនមនោរម្យ លើផ្លូវជាតិលេខ៧៦រហូតទឹកដីស្រុកអូររាំង ជិត២០គីឡូម៉ែត្រទើបអាចឃាត់រថយន្តដែលត្រូវបានគេសង្ស័យថា មានលួចផ្ទុក និងដឹកជញ្ជូនឈើខុសច្បាប់ ចេញពីស្រុកកោះញែក នោះបាន ។

សកម្មភាពប្រដេញរថយន្តខាងលើនេះបានធ្វើឡើងនៅល្ងាចថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ក្នុងទឹកដីឃុំសែនមនោរម្យ ស្រុកអូររាំង ហើយត្រូវគេដឹងថា ដឹកនាំដោយលោក យូ ប៊ុនស្រ៊ាង ដែលជាមេនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ក្រសួងប្រចាំនៅខេត្តមណ្ឌលគិរី ។

ប្រភពព័ត៌មានដែលបានឃើញហេតុការណ៍នោះនិយាយថា គេបានឃើញសកម្មភាពក្រុមរថយន្តរបស់សមត្ថកិច្ចជាច្រើនគ្រឿង បានតាមកាក់រថយន្តធុនV១មួយគ្រឿង ពណ៍ខៀវ ពាក់ស្លាកលេខ កំពង់ចាម ៣A ០៣២៥ បិទពីមុខពីក្រោយ តែរថយន្តធំមិនព្រមឈប់ទេ គឺបើកជែងពេញផ្លូវ ស្ទើរតែបុករថយន្តរបស់សមត្ថកិច្ច ។ ដោយមើលឃើញថា រថយន្តធំមិនព្រមឈប់ ក្រុមសមត្ថកិច្ចបានយករថយន្តចំនួនពីរគ្រឿងទៅពាំងកណ្តាលផ្លូវទើបអាចចាប់ឃាត់រថយន្តសង្ស័យនោះ ត្រួតពិនិត្យបាន ។

ប្រភពបន្តថា ក្រោយចាប់ឃាត់បានភ្លាមៗមនុស្សពីរនាក់(អ្នកបើកបរ និងព្រូ)រួមនឹងរថយន្តត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីត្រួតពិនិត្យ ។

ខណៈរថយន្តសង្ស័យកំពុងស្ថិតនៅក្នុងស្នងការដ្ឋាន ស្រាប់តែមានការបង្កើតគណៈកម្មធិការចម្រុះមួយ ឆែកឆេរទាំងយប់ ទោះជាផុតម៉ោងរដ្ឋបាលក៏ដោយ និងមិនអនុញ្ញាតឲ្យអ្នកកាសែតចូលយកព័ត៌មានឡើយ ។ រហូតដល់ម៉ោង៨យប់រថយន្តធុនយក្សនោះ ត្រូវគេឃើញបើកចេញពីស្នងការដ្ឋាននគរបាលវិញ យ៉ាងប្រងើយ ។ ហើយមន្ត្រីដែលដឹកនាំការចាប់បង្ក្រាបនោះ បាននិយាយថា មិនមានបន្ទុកសម្រាប់ដាក់លើគេទេ ព្រោះរថយន្តនោះមិនមានដឹកអ្វីឡើយ ក្រៅពី ក្តារបន្ទះកែច្នៃ ។

លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី មិនបានឆ្លើយតបជាមួយអ្នកកាសែតទេ ដោយបានបង្វែរឲ្យសួរទៅលោកម៉ី អាន ស្នងការរងទទួលផែនសេដ្ឋកិច្ច ពាក់ព័ន្ធនឹងការដោះលែងឡានទាំងយប់ ។

លោកម៉ី អាន ប្រាប់ថាក្រោយឆែកឆេរមិនបានរកឃើញមានបទល្មើសព្រៃឈើនៅក្នុងរថយន្តនោះទេ ហើយឃើញតែបន្ទះក្តាកុងស្លាកេ មូលជាដុំមួយចំនួន ទើបសម្រេចដោះលែងវិញក្រោយពិភាក្សាគ្នាជាមួយលោកព្រះរាជអាជ្ញារងខេត្ត ។

ចំណែកជំនាញនៅខណ្ឌរដ្ឋបាលព្រៃឈើឯណោះវិញ បានឲ្យដឹងថា កាលដែលដោះលែងរថយន្តនោះទាំងយប់ ព្រោះថា រថយន្តនោះដឹកក្តាកុងស្លាកេ ដែលមានច្បាប់ចេញពីក្រុមហ៊ុនម៉ាស្ទ័រខេសាន់ និងដោយសារតែខ្លាចត្រូវទឹកភ្លៀងក៏សម្រេចដោះលែងទៅវិញតែម្តង ។

ទោះជាយ៉ាងណាមានការកត់សម្គាល់នៅពេលដែលសមត្ថកិច្ចចាប់ឃាត់រថយន្តV១នោះភ្លាមៗ អ្នកបើកបរបាននិយាយថា បានជាខ្លួនមិនឈប់រថយន្តព្រោះមេបញ្ជាថា មិនឲ្យឈប់ទេ ខ្លាចត្រូវមេស្តីបន្ទោស ។ ហើយមេរបស់ខ្លួនមានឈ្មោះ ឧកញ៉ា អុល ។

ទាក់ទិនករណីខាងលើនេះ លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីបានឲ្យ អ្នកយកព័ត៌មាន សួរទៅរដ្ឋបាលព្រៃឈើ ។

គិតត្រឹមម៉ោង២រសៀលថ្ងៃទី២៨ មិនា ២០១៨ មិនអាចសុំការបំភ្លឺពីលោក អ៊ុំ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីបានទេ ជុំវិញករណីមានរោងចក្រផលិតក្តារបន្ទះឬក្ការកុងស្លាកេ នៅក្រុមហ៊ុនម៉ាស្ទើខេសាន់ ក្នុងស្រុកកោះញែក ។ តើមានច្បាប់អនុញ្ញាតឬអត់?

សេចក្តីរាយការណ៍ដាច់ដោយឡែកមួយទៀតបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនម៉ាស្ទើខេសាន់ ត្រូវបានប្តូរឈ្មោះ ទៅជាក្រុមហ៊ុន ប៉ា វី ភី អ វិញក្រោមការគ្រប់គ្រងរបស់អ្នកស្រី ខេន ស្រីមុំ ជានាយកប្រតិបត្តិ ។ ហើយសព្វក៏មានសកម្មភាពប្រមូលឈើក្នុងដែនជម្រកភ្នំព្រេចដឹកចូលទៅក្នុងដីក្រុមហ៊ុន ដើម្បីបន្លំជាឈើស្របច្បាប់ ។ សេចក្តីរាយការណ៍បន្តថា សព្វថ្ងៃក៏មានគំនរឈើជាច្រើន កំពុងគរទុករាប់រយដុំ នៅក្រោយឃ្លាំងក្រុមហ៊ុនចម្ងាយប្រហែលមួយគីឡូម៉ែត្រ ក្នុងព្រៃរបោះ ដែលគេនឹងត្រៀមដឹកចេញនៅពេលឆាប់ៗ ព្រោះមានអ្នកកំពុងរត់ការទៅថ្នាក់លើសុំច្បាប់ដឹកជញ្ជូន ប៉ុន្តែត្រូវអាក់ខានដោយសារតែ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញចសេចក្តីសម្រេច បញ្ឈប់គ្រប់ក្រុមហ៊ុនទាំងអស់ មិនឲ្យមានសកម្មភាពដឹកជញ្ជូនឈើចេញបន្តទៀតនោះទេ កាលពីដើមឆ្នាំ២០១៨៕ សុខ ខេមរា


ចែករំលែក៖