ព័ត៌មានទាន់ហេតុការណ៍៖

ជិត១៦០ប្រទេសទាមទារអង់គ្លេសផ្តល់ភស្តុតាងស្តីពីការសម្លាប់ចារកម្មរុស្ស៊ី

ចែករំលែក៖

អាមេរិក និងសម្ពន្ធមិត្តលោកខាងលិច មិនអាចធ្វើអ្វីតាមតែចិត្តដោយមិនមានភស្តុតាងច្បាស់លាស់ ហើយដាក់ទណ្ឌកម្ម ដោយបណ្តេញមន្ត្រីទូតរុស្ស៊ីតាមតែចិត្តនោះឡើយ។ រុស្ស៊ីក៏មានទំនាក់ទំនងការបរទេសទូលំទូលាយ ហើយពេលនេះ ប្រទេសជាច្រើនជុំវិញពិភពលោកស្នើឲ្យបង្ហាញភស្តុតាងបញ្ជាក់ពីការណ៍ពិត។

ប្រមាណ១៦០ប្រទេស ក្រៅពីប្រទេសលោកខាងលិច មិនអាចទទួលយកនូវការបញ្ជាក់របស់អង់គ្លេសដែលចោទប្រកាន់រុស្ស៊ីនៅពីក្រោយការសម្លាប់អតីតចារបុរសដោយមិនមានភស្តុតាងច្បាស់លាស់។

នៅពេលនេះ ប្រទេសលោកខាងលិចជាច្រើន បានឈរខាងអង់គ្លេសចោទប្រកាន់តាមគ្នាថា រុស្ស៊ីជាអ្នកបំពុលអតីតចារបុរសជនជាតិរុស្ស៊ី។ ប្រទេសជាច្រើន មិនឯកភាពទៅលើការចោទប្រកាន់គ្មានមូលហេតុនោះឡើយ។

អ្នកនាំពាក្យអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅទីក្រុងឡុងដ៍បានបញ្ជាក់ថា «នៅពេលដែលនាយករដ្ឋមន្ត្រី May ប្រកាសថា រុស្ស៊ីនឹងត្រូវទទួលខុសត្រូវលើរឿងរ៉ាវនៃការបំពុលដោយជាតិគីមី ដូច្នេះនាយករដ្ឋមន្ត្រីអង់គ្លេស ចាំបាច់ត្រូវតែផ្តល់ភស្តុតាងពិតប្រាកដដល់រុស្ស៊ី និងសហគមន៍អន្តរជាតិបានដឹង។ ទាំងនោះមិនមែនតែរុស្ស៊ីម្នាក់ដែលចង់បានការណ៍ពិត(ភស្តុតាង)នោះទេ គឺមានប្រទេសជិត១៦០ប្រទេសទៀតនៅជុំវិញពិភពលោក ក៏ចង់ដឹងពីការណ៍ពិតនោះដែរ។

អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង់គ្លេស លោក Alexander Yakovenko បានបើកកិច្ចប្រជុំ និងប្រកាសពីស្ថានភាពដល់បណ្តាមន្ត្រីស្ថានទូតបរទេសផ្សេងទៀត ដោយលោកបានបញ្ជាក់ថា រុស្ស៊ីនឹងសហការជាមួយក្រុមអ្នកស្រាវជ្រាវអង់គ្លេស ដើម្បីស្រាវជ្រាវបង្ហាញពីការណ៍ពិត។

មកទល់ពេលនេះ ទីក្រុងឡុងដ៍នៅតែបដិសេធ សហការជាមួយរុស្ស៊ី ក្នុងការស្រាវជ្រាវ ទាំងនោះគឺជារឿងមិនអាចទទួលយកបានឡើយ។ រុស្ស៊ីបានស្នើឲ្យអង់គ្លេសផ្តល់គំរូនៃជាតិគីមី ដែលចោទប្រកាន់ថា បានបំពុលឪពុក និងកូនអតីតចារបុរស Sergey Skripal កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅ។

នៅក្នុងការប្រកាសរបស់អគ្គរដ្ឋទូតរុស្ស៊ី បានបញ្ជាក់ថា អង់គ្លេសមិនបានផ្តល់នូវព័ត៌មានច្បាស់លាស់ណាមួយ ស្តីពីរឿងរ៉ាវនៃការបំពុលខាងលើនោះឡើយ ដោយទម្លាក់កំហុសទាំងស្រុងទៅឲ្យរុស្ស៊ី។

សហគមន៍អន្តរជាតិចង់ដឹងពីការណ៍ពិត នៅពីក្រោយរឿងនេះ។ ជាមួយគ្នានេះដែរ ប្រទេសលោកខាងលិចមួយចំនួន ក៏បានចូលរួមភ្លាមៗជាមួយអង់គ្លេស ដោយរង់ចាំទីក្រុងឡុងដ៍ផ្តល់ភស្តុតាងច្បាស់លាស់ ហើយប្រទេសទាំងនោះមិនបានបណ្តេញ មន្ត្រីការបរទេសរុស្ស៊ីដោយគ្មានហេតុផលឡើយ។

កន្លងមកអាមេរិក និងប្រទេសអឺរ៉ុប ជិត៣០ប្រទេស បានសម្រេចបណ្តេញមន្ត្រីការបរទេសរុស្ស៊ីចេញពីប្រទេស ដោយគ្មានភស្តុតាងផ្លូវច្បាប់ចោទប្រកាន់ ជាហេតុធ្វើឲ្យប្រទេសជាច្រើនទៀតនៅលើពិភពលោក មិនពេញចិត្ត នឹងសកម្មភាព វាយប្រហារជាសម្ពន្ធរបស់លោកខាងលិច ទៅលើប្រទេសដែលចាត់ទុក ថាជាសត្រូវរបស់ខ្លួននោះ។

អាមេរិកបង្ខំឲ្យរុស្ស៊ីទទួលខុសត្រូវ រឿងសម្លាប់ចារបុរសជាការដោះដូរនឹងទំនាក់ទំនងល្អឡើងវិញ

អាមេរិក និងសម្ពន្ធមិត្ត កំពុងតែបង្ខំឲ្យរុស្ស៊ីទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួន ទាំងរុស្ស៊ីមិនបានធ្វើផងនោះ។ ការទម្លាក់កំហុសទៅលើរុស្ស៊ីបានបង្ហាញយ៉ាងច្បាស់ ក្រោយអ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោកស្រី Heather Nauert ប្រកាស ថាដើម្បីកែប្រែទំនាក់ទំនងជាមួយអាមេរិក និងសម្ពន្ធមិត្ត រុស្ស៊ីចាំបាច់ត្រូវតែទទួលខុសត្រូវចំពោះរឿងបំពុលអតីតចារបុរស Sergey Skripal នៅអង់គ្លេស។

លោកស្រី Heather Nauert បញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន នឹងពិភាក្សាជាមួយទីក្រុងមូស្គូ ស្តីពីទំនាក់ទំនងប្រទេសទាំង២ បុន្តែរុស្ស៊ីត្រូវតែទទួលខុសត្រូវលើការបំពុលដោយគីមី និងបញ្ចប់សកម្មភាពឌឺដង៕ ម៉ែវ សាធី


ចែករំលែក៖