ព័ត៌មានទាន់ហេតុការណ៍៖

អង្គការ WCS ថា ការបំពុលនៅតែបន្តគំរាមកំហែងសត្វព្រៃនៅកម្ពុជា

ចែករំលែក៖

ខេត្តព្រះវិហារ៖ អង្គការសមាគមអភិ រក្សសត្វព្រៃនៅកម្ពុជា(WCS) បានឲ្យដឹង កាលពីថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ថា សត្វព្រៃប្រភេទរង​គ្រោះ​​ជិត​ផុតពូជនៅក្នុងតំបន់ខ្ពង់រាបភាគ​ខាង​ជើងប្រទេសកម្ពុជាបាននិងកំពុងរងការគំរាមកំហែងពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ដាក់បំពុលនៅតាមត្រពាំង​នានា។ នេះបើតាមសំណាកដែលក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន និងអង្គការ WCS បានប្រទះឃើញសកម្មភាពបំពុលនេះជាច្រើនករណីនៅដើមឆ្នាំ២០១៨ ហើយការបំពុលនេះបានបណ្តាលឲ្យសត្វ ស្រុក និងសត្វស្លាបព្រៃជាច្រើនក្បាលងាប់ ជាបន្តបន្ទាប់ ។

អង្គការ WCS មានក្តីព្រួយបារម្ភចំពោះសកម្មភាពការបំពុលចាប់សត្វព្រៃនេះដែល នឹងជះឥទ្ធិពលដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សចំនួននៅសេសសល់នៃសត្វត្មាតទាំង ៣ប្រភេទដែលជាប្រភេទជិតផុតពូជបំផុតនៅលើសាកលលោក។ ក្នុងរយៈពេលពី​ខែមករា ដល់ខែសីហា ឆ្នាំ២០១៥ កម្មវិធី គោលនយោបាយ សុខភាព និងសុខភាព សត្វព្រៃនៃអង្គការ WCS បានធ្វើការជិត ស្និទ្ធជាមួយ ក្រុមការងារអភិរក្ស នៅក្នុង ខេត្តព្រះវិហារ និងអង្គការជីវិតសត្វស្លាប អន្តរជាតិនៅស្រុកសៀមប៉ាង ខេត្តស្ទឹង ត្រែង ដើម្បីចងក្រងឯកសារ មួយចំនួន អំពីករណីសត្វព្រៃស្លាប់ តាមរយៈការ បំពុលដោយ ប្រើប្រាស់ថ្នាំសម្លាប់សត្វ ល្អិត។ សត្វព្រៃចំនួន៦ក្បាល រួមទាំង ប្រភេទងាយរងគ្រោះ(សត្វសំពោចធំនិង​សត្វកុកពាក់អំបោះ) និងប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត(សត្វត្មាតត្នោត)ត្រូវបានក្រុមមន្ត្រីល្បាត និងក្រុមតាមដាន និងត្រួតពិនិត្យសត្វព្រៃប្រទះឃើញស្លាប់ នៅជិតត្រពាំងផ្សេងៗគ្នា ។

លោក ម៉ៅ ឃៀន អ្នកសម្របសម្រួលគម្រោងស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS ប្រចាំតំបន់ខ្ពង់រាបភាគខាងជើង បាននិយាយថា “ប្រជាជននៅក្នុងតំបន់ ខ្ពង់រាបភាគខាងជើងប្រើប្រាស់ថ្នាំសម្លាប់ សត្វល្អិតដែលត្រូវបានគេដឹងថា មានតម្លៃ ថោកដើម្បីបំពុលសម្លាប់សត្វព្រៃធ្វើជាម្ហូប អាហារនិងក្នុងគោលបំណងដើម្បីការពារ ស្រូវរបស់ពួកគាត់ពីសត្វលលកនិងសេកជាដើម ។ សកម្មភាពនេះជារឿយៗបាន សម្លាប់សត្វស្រុកដូចជាគោក្របីមាន់ ទា​និង ឆ្កែជាដើម ។ “តំបន់ខ្ពង់រាបភាគខាងជើងដែលមានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃ ព្រៃព្រះរកា​និងដែនជម្រកសត្វព្រៃឆែបគាំទ្រដល់ការ រស់នៅរបស់សត្វស្លាបជិត៣០០ប្រភេទ។ក្នុងចំណោមនោះរួមមានសត្វស្លាបប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកល​លោកដូចជា៖ ត្រយងយក្ស ដែលជាសត្វស្លាបតំណាងឲ្យប្រទេសកម្ពុជា ត្រយង​ចង្កំ​កស ត្មាតត្នោត ត្មាតផេះ និងត្មាត​ភ្លើង។

លោក កែន សេរីរដ្ឋា ប្រធានអង្គការ WCS បាននិយាយថា “ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដើម្បីបំពុលសត្វព្រៃនៅ ក្នុងតំបន់ខ្ពង់រាបភាគខាងជើងក៏ដូចជា តំបន់ផ្សេងទៀត មានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ចំនួន នៃពពួកថនិកសត្វ និងសត្វ ស្លាបដែលជាប្រភេទរងការគំរាមកំហែង ជាសាកល។ អង្គការ WCS កំពុងធ្វើការរួម គ្នាជាមួយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Edinburgh សហភាពអឺរ៉ុបដើម្បីសិក្សាស្វែងយល់អំពីកត្តា សង្គម និងសេដ្ឋកិច្ចដែលបណ្តាលឲ្យមានបញ្ហាបំពុលនេះ។”

លោក សេរីរដ្ឋា បានបន្តថា “អង្គការ WCS សូមអំពាវនាវដល់សាធារណជនឲ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃដើម្បីចូលរួមថែរក្សានិងការពារសត្វព្រៃទាំងអស់នោះឲ្យនៅគង់វង្ស។ការបរិភោគសាច់សត្វព្រៃដែលមានផ្ទុកសារធាតុពុលនាំឲ្យខូចសុខភាពក្នុងរយៈពេលបច្ចុប្បន្ននិងពេលខាង​មុខ” ៕ ហេង សូរិយា


ចែករំលែក៖