ខេត្តបាត់ដំបង៖ អាជ្ញាធរ និងប្រជាពលរដ្ឋនៅស្រុកសំឡូត ខេត្តបាត់ដំបង បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាមេត្តាជួយរកទីផ្សារម្រេចជូនដល់ពួកគាត់ឱ្យបានតម្លៃសមរម្យនោះផង ។ គ្រាដែលតម្លៃទីផ្សារម្រេចកំពុងធ្លាក់ចុះយ៉ាងគំហុកខណៈដែលកំណើនដាំដំណាំម្រេចនៅស្រុកសំឡូតមានកំណើនកើនឡើងរហូតដល់ជាង១ពាន់គ្រួសារនោះហើយ។បញ្ហានោះបានបង្កឱ្យការប្រកបមុខរបរដាំម្រេចពីសំណាក់ប្រជាពលរដ្ឋបានរងការខាត់បង់និងប្រឈមនូវហានិភ័យខ្ពស់រងការរឹបអូសដីធ្លីផ្ទះសំបែងដោយការខ្វះប្រាក់បង់ការប្រាក់ទៅធនាគារដោយការដាំម្រេចរបស់ពួកគាត់ភាគច្រើនខ្ចីប្រាក់ពីធនាគារ ។
ប្រជាពលរដ្ឋដាំម្រេចនៅឃុំសុងស្រុកសំឡូត ប្រាប់កាលពីថ្ងៃទី២៧ មីនា កន្លងទៅថ្មីនេះថាតម្លៃទីផ្សារម្រេចនៅស្រុកសំឡូតបានធ្លាក់ចុះត្រឹមតែ១គីឡូក្រាមពី៩ពាន់រៀលទៅ១ម៉ឺនរៀលប៉ុណ្ណោះ។បើប្រៀបធៀបកាលពីឆ្នាំមុនៗតម្លៃម្រេច១គីឡូក្រាមពី៣ម៉ឺនទៅ៤ម៉ឺនរៀល ។
ប្រជាពលរដ្ឋប្រាប់ឱ្យដឹងទៀតថាចំណូលតម្លៃម្រេចដែលមានការធ្លាក់ចុះ១គីឡូក្រាមត្រឹម១ម៉ឺនចុះក្រោម មិនអាចទប់ទល់និងការចំណាយនិងថ្លៃការថែទាំខ្ពស់ បាននោះឡើយ ។ ដោយក្នុងមួយគ្រួសារប្រជាពលរដ្ឋដាំម្រេចចាប់ពី៥០០ជន្លង់រហូតដល់៣ពាន់ជន្លង់ឡើងទៅ។
ប្រជាពលរដ្ឋលើកឡើងទៀតថានៅឆ្នាំនេះតម្លៃទីផ្សារកសិផលភាគច្រើនមានហាងឆេងខ្ពស់ដោយឡែកមានតែដំណាំម្រេចប៉ុណ្ណោះបានធ្លាក់ចុះ។
អភិបាលស្រុកសំឡូត លោក សើសាម៉េត ប្រាប់ឱ្យដឹងថា ស្រុកសំឡូតគឺមានសក្តានុពលខ្ពស់ផ្នែកកសិកម្ម ប្រជាពលរដ្ឋ៨០ភាគរយប្រកបមុខរបរកសិកម្ម។នៅឆ្នាំនេះប្រជាពលរដ្ឋមានការរីករាយនិងប្រែប្រួលជីវភាពដោយសារតម្លៃកសិផលដូចជាដំឡូងមី ពោធក្រហម ផ្លែមៀន ធុរ៉េន សាវម៉ាវស្វាយកែវរមៀត មានហាងឆេងខ្ពស់។ ប៉ុន្តែអ្វីដែលលោកចាប់អារម្មណ៍ គឺបញ្ហាតម្លៃទីផ្សារម្រេចនៅឆ្នាំនេះធ្លាក់ត្រឹមតែ១គីឡូក្រាម៩ពាន់រៀល។ បញ្ហានេះលោកក៏សូមសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាមេត្តារកទីផ្សារម្រេចឱ្យបានសមរម្យសម្រាប់ប្រជាពលរដ្ឋនៅស្រុកសំឡូតពីព្រោះកំណើននៃកាដាំដុះដំណាំម្រេចពីសំណាក់ប្រជាពលរដ្ឋកំពុងមានការកើនឡើង៕ សំ វិច្ឆិកា