ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋចំនួនជាង៥០នាក់រស់នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បាននាំគ្នាមកតវ៉ាខាងមុខតុលាការខេត្តបន្ទាយមានជ័យស្នើសុំឱ្យតុលាការ ដោះលែងសកម្មជនដីធ្លីជាស្រ្តីម្នាក់ មានមុខងារអនុប្រធានអង្គការអភិវឌ្ឍសហគមន៍មូលដ្ឋាន ដែលរងការចាប់ខ្លួនពីកម្លាំងនគរបាលអនុវត្តតាមដីការបស់តុលាការដោយរងការចោទប្រកាន់ពីបទប៉ះពាល់កម្មសិទ្ធិឯកជន និងបទធ្វើឱ្យខូចខាតដោយចេតនា។ជនត្រូវចោទមានឈ្មោះ ឡុង សុគន្ធី អាយុ៤២ឆ្នាំបានស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ។ ការតវ៉ាពីសំណាក់ ប្រជាពលរដ្ឋទាមទារដោះលែងសកម្មជនដីធ្លីបានធ្វើឡើងចាប់ពីម៉ោង៨ព្រឹកថ្ងៃទី២៨ ខែមីនា រហូតដល់រសៀលថ្ងៃដដែល ទើបពួកគាត់ដកថយទៅវិញ ការការតវ៉ាគ្មានអំពើហិង្សានោះទេ ។
ការទាមទារនោះមិនទទួលបានជោគជ័យនោះឡើយ តុលាការនិងស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ តំណាង លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរាលខេត្ត បានចេញមុខមកសម្របសម្រួលពន្យល់ណែនាំឱ្យប្រជាពលរដ្ឋកុំធ្វើអ្វីបង្កប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈខុសច្បាប់។ត្រូវនាំគ្នាទៅផ្ទះវិញងាកទៅរកការជួយដោះលែងជនត្រូវចោទតាមរយៈនីតិវិធីច្បាប់រកមេធាវីការពារក្តីតាមផ្លូវច្បាប់នោះវិញ។
សូមបញ្ជាក់ថាជនត្រូវចោទមានឈ្មោះ ឡុង សុគន្ធី ត្រូវបានកម្លាំងនគរបាលអនុវត្តតាមដីការបស់ចៅក្រមជំនុំជម្រះ ផេង កុសល នៃសាលាដំបូងខេត្ត ចាប់ឃាត់ខ្លួនកាលពីថ្ងៃតី២៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិសាលាក្រហម ឃុំកូប ស្រុកអូរជ្រៅ ពីបទប៉ះពាល់កម្មសិទ្ធិឯកជន និងបទធ្វើឱ្យខូចខាតដោយចេតនា កាលពីអំឡុងឆ្នាំ២០១៣រហូតដល់ឆ្នាំ២០១៥ ក្នុងរឿងរ៉ាវរ៉ាវទំនាស់ដីធ្លីដ៏រាំរ៉ៃរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ នៅចំណុចភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ៕ សំ វិច្ឆិកា