ភ្នំពេញ៖ តារាកំប្លែងជើងចាស់ នាយ វីតាមីនសេ ដែលមានជំងឺច្រើនមុខបានឈានដល់ដំណាក់កាលចុងក្រោយហើយបន្ទាប់ពីគ្រួសារបានដឹកយកទៅផ្ទះកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ក្រោយគ្រូទេព្យអស់លទ្ធភាព ។ ក្រោយដឹកទៅដល់ផ្ទះនាតំបន់អូបែកក្អមកាលពីវេលាម៉ោង១០យប់ថ្ងៃដដែល តារាកំប្លែងរូបនេះ បានផុតដង្ហើមទៅបន្សល់ទុកនូវការសោកស្តាយខ្លាំងពីក្រុមគ្រួសារនិងមហាជន ។
នៅមុនពេលដែលលោក វីតាមីនសេ បានឈានដល់ដំណាក់កាលធ្ងន់ធ្ងរនោះលោកធ្លាប់បានចេញទៅព្យាបាលជំងឺចំនួន២លើកនៅក្នុងប្រទេសថៃជាមួយនឹងជំងឺដុះសាច់ក្នុងថ្លើមនិងដំបៅក្រពះ ។ ដោយស្ថានភាពស្ថិតក្នុងដំណាក់កាលកាន់តែធ្ងន់ធ្ងរ គឺបានត្រឹមតែសម្រាកព្យាបាលទាំងគ្មានសង្ឃឹមនៅមន្ទីរពេទ្យកាល់ម៉ែត ។ ក្រុមគ្រូពេទ្យបានដាក់អុកស៊ីសែនហើយប្រាប់កាន់តែធ្ងន់ធ្ងរ ហើយគឺដំណាក់កាលចុងក្រោយ ដែលពឹងតែលើអ៊ុកស៊ីសែនប៉ុណ្ណោះ ។ ចាប់តាំងពីរសៀលថ្ងៃទី២៩ ខែមីនាទៅគេឃើញមានសិល្បករជាច្រើនបានចេញចូលផ្ទះតារាកំប្លែងរូបនេះឥតដាច់រហូតដល់ពាក់កណ្តាលអធ្រាត្រ ។
គួរបញ្ជាក់ដែរថា លោក ម៉ៅ សាមឿន ហៅនាយ វីតាមីនសេ មានវ័យ៧១ឆ្នាំ មានជំងឺដុំសាច់នៅក្នុងថ្លើមទឹកនោមផ្អែមលើសជាតិខ្លាញ់ក្នុងខ្លួន និងលើសឈាមដែលស្ថានភាពជំងឺធ្ងន់ធ្ងរនេះធ្វើឲ្យតារាកំប្លែងរូបនេះ សម្រាកនៅនឹងកន្ទេលខកខានក្នុងការសម្តែងកំប្លែងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ៕ វឌ្ឍនា