ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ កម្លាំងនគរបាលសេដ្ឋកិច្ចសហការជាមួយនឹងមន្ដ្រីក្រសួងសុខាភិបាលក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានរកឃើញថា រោងចក្រវេចខ្ចប់បារីរបស់ក្រុមហ៊ុនវីនីតុនគ្រុប ដែលមានទីតាំងស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ពិតជាបានរំលោភទៅលើច្បាប់ស្ដីពីសារព្រមានសុខភាពជារូបភាព និងអក្សរដោយនៅលើកញ្ចប់បារី និងសុងបារីគឺពុំមានបោះពុម្ពសារព្រមានសុខភាពជារូបភាពឡើយ ។ នេះបើយោងតាមការបញ្ជាក់ពីមន្ដ្រីនគរបាលចុះអនុវត្ត ។
មន្ដ្រីនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាយោងទៅតាមច្បាប់ផលិតករថ្នាំជក់ក្នុងស្រុក និងអ្នកនាំចូលផលិតផលថ្នាំជក់គ្រប់ប្រភេទសម្រាប់ធ្វើការចែកចាយលក់ និងប្រើប្រាស់ត្រូវបោះពុម្ពសារព្រមានសុខភាពជារូបភាពដែលមានទំហំ៥០% និងសារព្រមានសុខភាពជាអក្សរទំហំ៥%នៅលើផ្ទៃសំខាន់ខាងមុខ និងខាងក្រោយនៃកញ្ចប់បារី ។ មន្ត្រីនគរបាលដដែលបានបន្ថែមទៀតថា៖ “យើងមិនមែនផ្ដោតតែទៅលើរោងចក្របារីរបស់ក្រុមហ៊ុនវីនីតុនគ្រុបមួយនេះទេយើងនឹងមានវិធានការគ្រប់ក្រុមហ៊ុនសហគ្រាសទាំងអស់ដែលលក់ និងចែកចាយបារីនៅក្នុងស្រុកខ្មែរជារួមគឺយើងនឹងចាត់វិធានការឲ្យតែមានចរាចរបារីដែលអត់អនុលោមតាមច្បាប់” ។
“រោងចក្រវេចខ្ចប់បារីនេះគឺកញ្ចប់បារីខ្លះមានបោះពុម្ពសារព្រមានសុខភាពជារូបភាពហើយខ្លះគឺអត់មាននោះទេគឺក្រុមហ៊ុនដាក់ចម្រុះគ្នាតែម្ដង” ។ ក្រុមហ៊ុនវីនីតុននេះផលិតនូវម៉ាកយីហោផលិតផលបារីក្នុងស្រុកមួយចំនួនមានដូចជា៖បារីLuxury, Coconut និងCrown ។ មន្ត្រីនគរបាលបានឲ្យដឹងថាក្រុមហ៊ុនវីនីតុនគ្រុបបានទទួលនូវការព្រមានព្រមទាំងធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរថានឹងគោរពតាមច្បាប់ហើយក្រុមហ៊ុនបានសន្យាថានឹងប្រមូលត្រលប់មកវិញនូវផលិតផលថ្នាំជក់ដែលមិនអនុលោមហើយកំពុងចរាចរនៅលើទីផ្សារដើម្បីយកមកធ្វើការកែតម្រូវដោយបោះពុម្ពសារព្រមានសុខភាពជារូបភាព និងអក្សរវិញឲ្យបានមុនថ្ងៃទី០១មិថុនា ។
ក្រោយពេលការចុះត្រួតពិនិត្យរួចអាជ្ញាធរខេត្តកណ្ដាលបានអំពាវនាវឲ្យអ្នកលក់ដុំ និងលក់រាយទាំងអស់ចូលរួមចំណែកក្នុងការអនុវត្តច្បាប់ដោយទទួលលក់តែបារីណាដែលមានបោះពុម្ពសារព្រមានសុខភាពជារូបភាព និងអក្សរចៀសវាងការផាកពិន័យនៅពេលដែលនគរបាលចុះធ្វើការត្រួតពិនិត្យ ។
កាលពីឆ្នាំមុននៅក្នុងការចុះខេត្តកំពតក៏មានករណីស្រដៀងគ្នានេះដែរនគរបាលរួមនឹងមន្ត្រីក្រសួងសុខាភិបាលបានរកឃើញនូវម៉ាកយីហោបារីផលិតក្នុងស្រុកមួយចំនួនដែលមិនបានវេចខ្ចប់មិនស្របតាមច្បាប់កំណត់ ។
ច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់មានគោលបំណងការពារសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាដោយកម្រិតទៅលើផលិតករថ្នាំជក់ និងអ្នកនាំចូលផលិតផលថ្នាំជក់ក្នុងប្រទេសកម្ពុជាទាំងអស់ ។ ច្បាប់នេះបានបញ្ជាក់ថាអ្នកផលិត និងអ្នកនាំចូលដែលត្រូវបានរកឃើញថាបានរំលោភលើច្បាប់នេះនឹងត្រូវផាកពិន័យចន្លោះពី៤លានទៅ២០លានរៀលហើយការផាកពិន័យច្រើនលើកក្នុងរយៈពេលពីរឆ្នាំនឹងអាចឈានទៅរកការផាកពិន័យទ្វេរដងនៃទឹកប្រាក់ពិន័យ ៕ វឌ្ឍនា