ភ្នំពេញ៖ គម្រោងគ្រប់គ្រង និងថែទាំវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់បានបញ្ចប់ដោយជោគជ័យនាថ្ងៃនេះ ដោយតាមរយៈគម្រោងនេះ បុគ្គលិកវិជ្ជាជីវៈពេទ្យចំនួនជាង៩០០នាក់ មកពីស្ថាប័នសុខាភិបាលចំនួនប្រាំ ទូទាំងរាជធានីភ្នំពេញ បានទទួលការបណ្ដុះបណ្ដាលក្នុងរយៈពេលពីរឆ្នាំកន្លងមក ។ បុគ្គលិកវិជ្ជាជីវៈពេទ្យមកពីប្រទេសសិង្ហបុរី និងកម្ពុជាបានជួបជុំគ្នានៅក្នុងពិធីបិទគម្រោងដើម្បីអបអរដល់សមិទ្ធផលរួម និងចំណងមិត្តភាពរវាងក្រុមការងារទាំងពីរតាមរយៈគម្រោងនេះ ។
គម្រោងគ្រប់គ្រង និងថែទាំវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ដែលមានរយៈពេលពីរឆ្នាំគឺជាកិច្ចសហប្រតិបត្តិការរវាងមូលនិធិសិង្ហបុរីអន្តរជាតិ (SIF) មន្ទីរពេទ្យកាល់ម៉ែត្រនៅរាជធានីភ្នំពេញ និងគ្រឹះស្ថានសុខាភិបាលSingHealth ។ ចាប់តាំងពីឆ្នាំ២០១៦បុគ្គលិកវិជ្ជាជីវៈពេទ្យមកពីប្រទេសសិង្ហបុរីបានធ្វើការជាមួយនឹងសហការីនៅក្នុងរាជធានីភ្នំពេញដើម្បីបណ្ដុះបណ្ដាលដល់បុគ្គលិកវិជ្ជាជីវៈពេទ្យនៅក្នុងស្រុកនៅតាមគ្រឹះស្ថានសុខាភិបាលចំនួនប្រាំរួមមានមន្ទីរពេទ្យកាល់ម៉ែត្រមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកមន្ទីរពេទ្យព្រះកុសុមៈ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដើម្បីពង្រឹងសមត្ថភាពក្នុងការផ្ដល់នូវសេវាសុខាភិបាលសង្គ្រោះបន្ទាន់ ដែលមានគុណភាព និងមានសមាហរណភាព ។ ក្រុមបុគ្គលិកវិជ្ជាជីវៈពេទ្យពហុជំនាញ ដែលមានចំនួន៣៧រូបរួមមានវេជ្ជបណ្ឌិតគិលានុបដ្ឋាក និងបុគ្គលិកវិជ្ជាជីវៈពេទ្យជំនាញពាក់ព័ន្ធមកពីSingHealthបានចែករំលែកជំនាញរបស់ខ្លួនលើផ្នែកថែទាំវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ដើម្បីឲ្យមានការគ្រប់គ្រងកាន់តែប្រសើរលើស្ថានភាពសង្គ្រោះបន្ទាន់តាមពេលវេលា ។
ក្នុងចំណោមគ្រូពេទ្យ ដែលទទួលបានការបណ្ដបណ្ដាលក្នុងនោះមានគ្រូបណ្ដុះបណ្ដាលចំនួន២០រូបត្រូវបានកំណត់ឲ្យទទួលការបណ្ដុះបណ្ដាលបន្ថែមស្ដីពីរបៀបចែករំលែកចំណេះដឹងដល់សហការីនៅក្នុងវិស័យនេះ ។ តាមរយៈសិក្ខាសាលាគរុកោសល្យវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រង និងចែករំលែកជំនាញសិក្ខាកាមទាំងអស់មានឱកាសបានចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ខ្លួនឲ្យគ្នាទៅវិញទៅមកដោយភាគីទាំងអស់សុទ្ធតែទទួលបាននូវចំណេះដឹង និងទស្សនទានមានតម្លៃពីការផ្លាស់ប្ដូរចំណេះដឹងនេះ ។
លោកចារីលចាន់ (Jaryll Chan) នាយកកម្មវិធីរបស់SIF បានថ្លែងថា៖“ខ្ញុំមានសេចក្តីរីករាយ ដែលកិច្ចសហការរវាងសហគមន៍វេជ្ជសាស្ត្ររបស់សិង្ហបុរី និងកម្ពុជាមិនត្រឹមតែបានអនុញ្ញាតឲ្យយើងបានផ្សព្វផ្សាយ និងនាំឲ្យមានការផ្លាស់ប្ដូរប្រកបដោយអត្ថន័យដល់ជីវិតរបស់មិត្តកម្ពុជាប៉ុណ្ណោះទេប៉ុន្តែវាក៏ជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការនាំសហគមន៍នានាឲ្យធ្វើការរួមគ្នាដើម្បីធ្វើឲ្យពិភពលោកកាន់តែល្អប្រសើរ ។ សម្រាប់មូលនិធិអន្តរជាតិសិង្ហបុរីយើងជឿលើការការប្រើប្រាស់នូវចំណុចខ្លាំងរបស់យើង និងរៀនសូត្រពីអ្នកដទៃដើម្បីបង្កើនប្រសិទ្ធភាពនៃកម្មវិធីរបស់យើង ដែលនឹងជួយលើកកម្ពស់ការរស់នៅ និងនាំមកនូវការអភិវឌ្ឍជាវិជ្ជមាន” ។
លោកសាស្ត្រាចារ្យឈាងរ៉ាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត្របានមានប្រសាសន៍ថា៖“ភាពជាដៃគូជាមួយនឹងSIF សម្រាប់កម្មវិធីកសាងសមត្ថភាពនេះបានសម្របសម្រួលឲ្យមានការផ្លាស់ប្ដូរនូវចំណេះដឹងល្អៗក្នុងចំណោមបុគ្គលិកវិជ្ជាជីវៈពេទ្យមកពីសិង្ហបុរី និងកម្ពុជាហើយបានបង្កើតឲ្យមានសមិទ្ធផលល្អៗដូចជារបៀបរបបប្រតិបត្តិការ និងដំណើរការប្រសើរជាងមុនក្នុងមន្ទីរពេទ្យរបស់យើងក៏ដូចជានៅតាមគ្រឹះស្ថានសុខាភិបាលដៃគូចំនួនបួនផ្សេងទៀត ។ យើងសង្ឃឹមថាអត្ថប្រយោជន៍ទាំងអស់នេះកាន់តែរីកដុះដាលហើយនាំមកនូវសេវាសុខាភិបាល ដែលប្រសើរជាងមុនសម្រាប់ពលរដ្ឋកម្ពុជា” ។
ជំនួយសាស្ត្រាចារ្យលោកម៉ាកលីអុងប្រធានក្រុមអ្នកឯកទេសរបស់មូលនិធិអន្តរជាតិសិង្ហបុរី និងជាទីប្រឹក្សាជាន់ខ្ពស់មកពីនាយកដ្ឋានវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យទូទៅសិង្ហបុរីបានថ្លែងថា៖“ការចែករំលែកចំណេះដឹងរវាងSingHealth និងមន្ទីរពេទ្យកាល់ម៉ែតបានផ្ដល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក និងបានផ្ដល់លទ្ធផលជាផ្លែផ្កា ។ ខ្ញុំមានជំនឿថាចំណេះដឹង ដែលទទួលបានតាមរយៈការចែករំលែកជំនាញ និងគំនិតនេះនឹងជួយដល់ស្ថាប័នទាំងពីរក្នុងការកែលម្អសេវាថែទាំវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់សម្រាប់សហគមន៍របស់យើង” ។
គម្រោងគ្រប់គ្រង និងថែទាំវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់គឺជាគម្រោងសហប្រតិបត្តិការមួយទៀតនៅកម្ពុជាសម្រាប់វិស័យសុខាភិបាល ដែលជាវិស័យគោលដៅមួយទៀតនៃការងារស្នូលរបស់មូលនិធិអន្តរជាតិសិង្ហបុរី ។ គម្រោងនេះក៏ជាសមិទ្ធផលសំខាន់មួយទៀតនៃចំណងមិត្តភាពរយៈពេល១៦ឆ្នាំរវាងមូលនិធិអន្តរជាតិសិង្ហបុរី និងប្រទេសកម្ពុជាដើម្បីលើកកម្ពស់ជីវិតរស់នៅរបស់ប្រជាជនក៏ដូចជាកសាងចំណងមិត្តភាពយូរអង្វែងរវាងប្រជាជនយើងទាំងពីរ ៕ វឌ្ឍនា