ប្រទេសវៀតណាម៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានបើកសម្ពោធពិពណ៍រូបថត និងអំពីប្រវត្តនៃកិច្ចប្រជុំមហាអនុតំបន់មេគង្គ GMS រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចកហរកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចមហាអនុតំបន់មេគង្គ នៅសាលសន្និសីទជាតិ (NCC)នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានលើកឡើងពីការងារអាទិភាពចំនួន៣ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ សំដៅប្រែក្លាយកម្ពុជា អោយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ការងារអាទិភាពទាំង៣នោះរួមមាន៖
ទី១៖ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ជាពិសេសផ្ដោតលើការអភិវឌ្ឍរបៀងសេដ្ឋកិច្ច សំដៅតភ្ជាប់ប៉ូលសេដ្ឋកិច្ចក្នុងស្រុក និងតំបន់ ដោយប្រកាន់យកនូវអភិក្រម នៃអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនពហុមុខ។
ទី២៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ តាមរយៈធ្វើឲ្យប្រសើរនូវប្រព័ន្ធឡូជីស្ទិក និងសេវាកម្ម ដើម្បីប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលឡូជីស្ទិក នៃមហាអនុតំបន់មេគង្គ ដោយបន្ដជំរុញកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្ដកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន។
ទី៣៖ ការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការលើកកម្ពស់ កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ជាពិសេសផ្ដោតលើកម្មវិធីសិក្សា អប់រំ ផ្នែកវិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ទៀតថា កំណើនសេដ្ឋកិច្ចពិភពលោក កំពុងមានលក្ខណៈល្អប្រសើរ ដែលបានងើបឡើងនៅឆ្នាំ២០១៧ និងបន្ដកើនឡើងថែមទៀត នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩។ ស្របគ្នានេះ សេដ្ឋកិច្ចប្រទេសមហាតំបន់មេគង្គ ក៏មានសន្ទុះគួរជាទីមោទនៈ ក៏ប៉ុន្ដែលទ្ធភាពកំណើន នៃអតិផរណា និងអត្រាការប្រាក់ ដែលបណ្ដាលមកពីកំណើនតម្រូវការ និងទំនោរគាំពារ សេដ្ឋកិច្ចក្នុងស្រុក របស់ប្រទេសមួយចំនួន កំពុងបង្កផលប៉ះពាល់ ដល់ពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ពីបរទេសផងដែរ។
ក្នុងបរិការណ៍នេះប្រទេសមហាអនុតំបន់មេគង្គ ចាំបាច់ត្រូវបង្កើនល្បឿននៃសមាហរណកម្ម និងការតភ្ជាប់តំបន់ ដោយផ្ដោតលើវិស័យអាទិភាពមួយចំនួនបន្ថែមទៀត ដូចជាវិស័យហរិញ្ញវត្ថុ ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច និងការអភិវឌ្ឍន៍ទីក្រុង នៅតាមតំបន់ជាប់ព្រំដែន។ ការពង្រឹងវិសាលភាព នៃកិច្ចសហប្រតិបត្តិការ កិច្ចការរបស់យើង នឹងផ្ដល់នូវលំហូរសម្រាប់កំណើនសេដ្ឋកិច្ចតំបន់ ក្នុងពេលអនាគត តាមរយៈការតភ្ជាប់ក្របខណ្ឌ មហាអនុតំបន់មេគង្គ និងតាមរយៈកាលានុវត្ដភាព ពីគំនិតផ្ដួចផ្ដើមតំបន់ផ្សេងទៀត។
ជាមួយគ្នានេះដែរ សម្ដេចតេជោនាយ្រដ្ឋមន្ត្រីបានទាញនូវចំណាប់អារម្មណ៍ លើបញ្ហានៅប្រឈមមុខមួយចំនួន ដែលទាមទារឲ្យមានការគិតគូរ និងដោះស្រាយរួមមាន៖
១)ការមិនទាន់ទាញយកប្រយោជន៍ អស់ពីសក្ដានុពល ដែលមាននៅតាមរបៀងសេដ្ឋកិច្ច ដ៏រស់រវើករបស់មហាអនុតំបន់មេគង្គ។
២)បញ្ហាប្រឈមនៃកំណើន នគរូបនីយកម្ម ដោយសារការអភិវឌ្ឍន៍ដ៏ឆាប់រហ័សនៅក្នុងតំបន់។
៣) ការកកស្ទះ នៅតាមច្រកព្រំដែន ដែលបណ្ដាលមកពីសកម្មភាពពាណិជ្ជកម្ម និងធុរកិច្ច។
៤)ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មបច្ចុប្បន្ន នៅមិនទាន់ឆ្លើយតបបាន ទៅនឹងកំណើននៃតម្រូវការ។
៥)ការបន្ដពឹងផ្អែកទៅលើធនធានធម្មជាតិ និងកម្លាំងពលកម្មមានតម្លៃទាប ក្នុងការទាក់ទាញ ការវិនិយោគ និងធុរកិច្ច និងមិនអាចរក្សាបានឡើយ នូវកំណើនប្រកបចីរភាព និងបរិយាប័ន្ន។
ថ្លែងក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលវៀតណាម ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងសភាពាណិជ្ជកម្ម នៃប្រទេសមហាអនុមេគង្គ ដែលបានរៀបចំ កិច្ចប្រជុំកំពូលធុរកិច្ចនៅថ្ងៃនេះឡើង សម្រាប់ការផ្លាស់ប្ដូរមតិអំពីកម្លាំងចលករថ្មីៗ ក្នុងការបន្ដរុញច្រាន កំណើនសេដ្ឋកិច្ចប្រទេសមហាអនុតំបន់មេគង្គ៕
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំហើយ លោកនាយករដ្ឋមន្រ្តីវៀតណាម និងលោកជំទាវបានរៀបចំពិធីលៀងសាយភោជន៍ជូន ប្រមុខដឹកនាំនៃប្រទេស GMSទាំងអស់ និងគណប្រតិភូក្នុងបរិយាកាសស្និទ្ឋស្នាល និងរីករាយក្រៃលែង៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ