ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថ ចាប់បានហើយជនចាប់ជម្រិត និងសម្លាប់ក្មេងស្រីអាយុ ៩ឆ្នាំនៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កាលពីម៉ោង៥ល្ងាច ថ្ងៃសុក្រ ១៤កើត ខែចេត្រ នព្វស័ក ពស ២៥៦១ ត្រូវនិងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៏ភ្ញាក់ផ្អើលមួយបានកើតឡើង នៅសាលាបឋមសិក្សាពន្លកខ្មែរ ស្ថិតក្នុងភូមិក្បាលស្ពាន២សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺមានករណី ចាប់សិស្សសាលាក្មេងស្រីអាយុ ៩ឆ្នាំដាក់ម៉ូតូ យកទៅជំរិតទារប្រាក់ តែមិនបានសម្រេច ក៏សម្លាប់ក្មេងស្រីនោះតែម្តង ។

ក្រោយពីសម្លាប់កុមារី ឈ្មោះ សត់ ឈុនអី ហើយជនសង្ស័យបានយកសាកសព ដាក់ចូលក្នុងការ៉ុង បម្រុងយកទៅចោលដើម្បីបំបាត់ភស្តុតាង តែដោយសារកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថតាមប្រម៉ាញ់បានមុខសញ្ញា ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យបានតែម្តង។

សមត្ថកិច្ចបានអោយដឹងថា៖ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានលើកឡើងថា កន្លងទៅខ្លួនគេនិងសាច់ញាតិកុមារីរងគ្រោះត្រូវជាមិតភក្តិនិងគ្នា ហើយកុមារីរងគ្រោះក៏ស្គាល់រូបគេដែរ ប៉ុន្តែមូលហេតុដែលឈានដល់ការសម្លាប់ គឺដោយសាររូបគេចង់បានលុយពីឳពុកម្តាយ កុមារី ពោលគឺជំរិតទារប្រាក់ តែផែនការធ្វើមិនបានសម្រេចក៏សម្លាប់ក្មេងស្រីនោះទៅ។

សមត្ថកិច្ចបន្តថា៖ ជនសង្ស័យថា កន្លងទៅខ្លួនគេជាសិស្សរៀននៅអនុវិទ្យាល័យទូលប្រាសាទ ក្រុងប៉ោយប៉ែត ពេលប្រលងធ្លាក់ក៏បានចូលរៀនពេទ្យនៅដីថ្មី(មិត្តភាព) ហើយក៏មានសង្សារ សុទ្ធតែក្រុមដើរលេងច្រើនធើ្វឲ្យការសិក្សារបស់គេមិនទៅមុខទេ ទន្ទឹមនិងនេះ រូបគេត្រូវការលុយដើម្បីយកទៅចាយវាយជាមួយស្រីស្នេហ៏ តែមិនដឹងធើ្វមេចរកលុយបានលឿន មានតែរកមធ្យោបាយរៀបចំផែនការណ៏ ចាប់កុមារីរងគ្រោះដើម្បីជំរិតទារប្រាក់ តែខ្លាចបែកការក៏សម្លាប់ចោលតែម្តង ។

ក្រោយសួរនាំជនសង្ស័យ សមត្ថកិច្ចនិងកសាងសំណ៊ំរឿងបញ្ជូនខ្លួនជនសង្ស័យទៅ អយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕ វណ្ណា


ចែករំលែក៖