ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តចុះអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញជារៀងរាល់ថ្ងៃ ដោយបានឃាត់មធ្យោបាយធ្វើដំណើរល្មើសច្បាប់ចរាចរណ៍ចំនួន៩គ្រឿង ដើម្បីផាកពិន័យ និងធ្វើការអប់រំ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើឡើងចាប់ពីវេលាម៉ោង៧ រហូតដល់ម៉ោង១០យប់ ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ជាលទ្ធផល៖ បានធ្វើការឃាត់យានយន្តសរុបចំនួន០៩ គ្រឿងរួមមានៈ១- ម៉ូតូចំនួន០៨ គ្រឿង, ២- រ៉ឺម៉កម៉ូតូកង់បីចំនួន០១ គ្រឿង , ៣- រថយន្ត ( គ្មាន ) គ្រឿង ។
បច្ចុប្បន្ន មធ្យោបាយធ្វើដំណើរល្មើសច្បាប់ចរាចរណ៍ចំនួន៩គ្រឿងខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ៕ស តារា