ខេត្តស្វាយរៀង៖ បុរសម្នាក់ដួលម៉ូតូបោកក្បាលទៅលើថ្នល់ជាតិលេខ១ បែកក្បាលរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូ ស្រាប់តែមានគោមួយក្បាលបោលកាត់ថ្នល់ ក៏បុកពេញទំហឹងបណ្តាលឲ្យដួលម៉ូតូបោកក្បាលទៅលើថ្នល់បែកក្បាលធ្ងន់ធ្ងរហូរឈាមស្រោចផ្ទៃមុខ និងនៅលើថ្នល់សន្លប់ធំតែម្តង ។
ករណីជិះម៉តូបុកគោនេះកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីរសៀល ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងលិចក្លោងទ្វារវត្តស្វាយជ្រំ ប្រមាណ១០០ម៉ែត្រ ស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង ជាន ភេទប្រុស អាយុ៥២ឆ្នាំ មានស្រុកកំណើត នៅឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានទីលំនៅបច្ចុប្បន្ននៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉តូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G4495 បើកបរពីទិសខាងលិចទៅកើតយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ក៏មានសត្វគោ មួយហ្វូងបោលកាត់ថ្នល់ពីមុខម៉ូតូ ខណៈនោះជនរងគ្រោះទំនងចាប់ហ្វ្រាំងមិនទាន់ ក៏បុកចំគោមួយក្បាលដួលបោកក្បាលទៅលើថ្នល់កៅស៊ូបែកក្បាលធ្ងន់សន្លប់ស្តូកតែម្តង ។
រីឯហ្វូងគោក៏បោលឆ្លងថ្នល់ទៅបាត់អស់ ប្រជាពលរដ្ឋ ក៏បានហៅរថយន្តសាមុយមកដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីសង្ឃោះ ។ រីឯទ្រព្យសម្បត្តិជនរងគ្រោះនៅជាប់ខ្លួនត្រូវសមត្ថកិច្ចនគបាលស្រុកស្វាយជ្រំយករក្សាទុករួមមានខ្សែក មាស១ខ្សែ ចិញ្ចៀនត្រាមាសមួយវង់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ២សន្លឹក ទូរស័ព្ទ១គ្រឿង និងម៉ូតូ១គ្រឿងមួកសុវត្ថិភាព ៕ យឹម សុថាន