ភ្នំពេញ៖ យុវជនបីនាក់ដែលគេដឹងថា ជាបងប្អូន ហើយនិងមិត្តភក្តិ បានបបួលគ្នាផឹកស្រា ខណៈផឹកអស់ស្រាជាងមួយកេះ ក៏ស្រវឹងរៀងៗខ្លួន ក៏យុវជនម្នាក់បានយកកូនកាំបិទចុងស្រួចចាក់គ្នារងរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ចំណុចការដ្ឋាន សំណង់ ស្កាយឡាញ វីឡា ជាន់ទី៦ តាមផ្លូវ១៣៤ ភូមិ២ សង្កាតវាល់វង ខណ្ឌ៧មករា ។
ជនរងគ្រោះឈ្មោះ ផុន វាសនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង ស្នាក់នៅភូមិ៣ សុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ចំណែកជនដៃដល់ឈ្មោះ ស៊ីម ម៉ាប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោកវរសេនីយ៍ទោក្រេត សខិរិន អធិការងទទួលផែន នគរបាលយុត្តិធម៌ បានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុគឺ ជនរងគ្រោះបានបបួលបងប្រុសរបស់ខ្លួនមកផឹកលេងម្តង ព្រោះជាថ្ងៃចុងសប្តាហ៍ ហើយបងប្រុសរបស់ជនរងគ្រោះ ក៏បានហៅអ្នកធ្វើការជាមួយគ្នាមកផឹកទាំងអស់គ្នា ខណៈផឹកជាមួយគ្នាអស់ ស្រាបៀរ មួយកេះជាង ជនសង្ស័យក៏ស្រវឹង ហើយភ្លាមនោះជនរងគ្រោះបានគ្រាជនសង្ស័យឲ្យទៅសម្រាក់នៅក្នុងបន្ទប់របស់ខ្លួន ហើយក៏ត្រឡប់មកអង្គុយផឹកជាមួយបងប្រុសរបស់ខ្លួនបន្តទៀត មួយសន្ទុះក្រោយមកជនរងគ្រោះបានចូលទៅមើលជនសង្ស័យ ហើយក៏ត្រូវជនសង្ស័យយកកូនកាំបិទចាក់បណ្ដាលអោយរងរបួសធ្ងន់ ដឹកតាមរ៉ឺម៉កកងបីទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត ភ្លាមៗ។
ក្រោយពេលកើតហេតុ ជនសង្ស័យរួម និងកូនកាំបិទធ្វើសកម្មភាពត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវាល់វងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចាត់ការតាមនីតិវិធី ៕ ស រស្មី