យ៉ាងហោចណាស់ ក៏មានមនុស្ស១៥នាក់ស្លាប់ និង១.៤០០នាក់រងរបួស ដោយសារតែកម្លាំងទាហានអ៊ីស្រាអែលប្រើអំពើហិង្សាទៅលើក្រុមបាតុករនៅជ្រោយកាហ្សា ។
សារព័ត៌មាន DPA បានផ្សាយថា គិតមកទល់ពេលេនះ ចំនួនអ្នកស្លាប់នឹងរបួសនៅក្នុងមហាបាតុកម្មក្លាយជាអំពើហិង្សា កាលពីថ្ងៃទី៣០ ខែមីនា រវាងទាហានអ៊ីស្រាអែល និងពលរដ្ឋប៉ាឡេស្ទីន កើនឡើងដល់ជាង១.៤០០នាក់ ក្នុងនោះមាន១៥នាក់សា្លប់ ជាជនជាតិប៉ាឡេស្ទីន។
ប្រធានាធិបតីប៉ាឡេស្ទីនបានបង្ហាញ ការខឹងសម្បាយ៉ាងខ្លាំងនៅសកម្មភាពប្រើអំពើហិង្សាមកលើបាតុករពីសំណាក់ទាហានអ៊ីស្រាអែល។ ប្រធានាធិបតីប៉ាឡេស្ទីន ម៉ាម៉ូដ អាប៉ាស់ ក៏បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃ។
ហេតុការណ៍ប៉ះទង្គិចគ្នាខាងលើកើតឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅពេលដែលពលរដ្ឋប៉ាឡេស្ទីន រាប់ពាន់នាក់ ធ្វើដំណើរទៅកាន់ព្រំដែនខាងកើតកាហ្សាជាប់ប្រទេសអ៊ីស្រាអែល ដើម្បីចូលរួមមហាបាតុកម្មដើម្បីសន្តិភាព។ ប៉ុន្តែ បាតុកម្មក្លាយទៅជាហិង្សានៅពេលទាហានអ៊ីស្រាអែលបាញ់ គ្រាប់បែកផ្សែងទៅលើហ្វូងបាតុករប៉ាឡេស្ទីន ហើយក្រុមបាតុករក៏បានគប់ដុំថ្មទៅលើកម្លាំងទាហានអ៊ីស្រាអែលផងដែរ។
តាមការបញ្ជាក់របស់អ្នករៀងចាំបាតុកម្មបានឲ្យដឹងថា ក្រុមបាតុករដង្ហែក្បួននៅចម្ងាយពីព្រំដែនអ៊ីស្រាអែល៧០០ម៉ែត្រ ពីភាគខាងជើងទៅភាគខាងត្បូងតំបន់កាហ្សា ដោយពិធីដង្ហែនោះធ្វើឡើងរហូតដល់៦សប្តាហ៍ ដោយអ្នកចូលរួមបានបោះជំរុំស្នាក់នៅទីនោះ។
តាមគម្រោងពិធីដង្ហែក្បួន នឹងធ្វើឡើងរហូតដល់ការិយាល័យថ្មីតំណាងស្ថានទូតអាមេរិកនៅហ្សេរុយសាឡឹមបានបើកទ្វានៅថ្ងៃទី១៤ ខែឧសភាខាងមុខ។ ការដែលប្រធានាធិបតី ដូណាល់ ត្រាំ ទទួលស្គាល់ហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល កាលពីខែធ្នូ ឆ្នាំ២០១៧ បានធ្វើឲ្យពលរដ្ឋប៉ាឡេស្ទីនបង្ហាញការខឹងសម្បារយ៉ាងខ្លាំង៕ ម៉ែវ សាធី