ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​ជា​ជនជាតិ​ថៃ​ម្នាក់​រួម​ជាមួយ​ថ្នាំ​ញៀន​ជិត​២​គីឡូក្រាម​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​

ចែករំលែក៖

ខេត្តសៀមរាប៖​ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ស្ត្រី​ជា​ជនជាតិ​ថៃ​ម្នាក់​រួម​ជាមួយ​ថ្នាំ​ញៀន​ជិត​២​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួនបាន នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ ​។​

លោក​ឧត្តមសេនីយ៍ត្រី​ អ៊ុំ អមរា​ ស្នងការ​រង​នគរបាល​ខេត្តសៀមរាប​ទទួល​ផែន​បង្ក្រាប​គ្រឿងញៀន​ បាន​ឲ្យ​ដឹង​ថា​ ប្រតិបត្តិការ​ចាប់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៨​ ជនសង្ស័យ​ឈ្មោះ​ NOYSIM​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ថៃ​។

លោកស្នងការ​រង​បន្ត​ថា​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​នេះ​ ធ្វើ​ឡើង​ដោយ​មាន​បញ្ជា​ផ្ទាល់​ ពី​ឧត្តមសេនីយ៍ឯក​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​,​ឯកឧត្តមបណ្ឌិត ឃឹម​ ប៊ុ​ន​សុង​ អភិបាលខេត្ត​សៀមរាប​ និង លោក​ឧត្តមសេនីយ៍ត្រី​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នគរបាល​ខេត្តសៀមរាប​ និង​ ដោយមានការ​ចូលរួម ​សហការ​របស់​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ខេត្តសៀមរាប​ និង​ គយ​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ខេត្តសៀមរាប​ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ សម្របសម្រួល​ ដោយ​ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្តសៀមរាប​។

នៅក្នុងយុទ្ធនាការបង្ក្រាបនេះលោកបានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ភេទ ស្រី ព្រមទាំងវត្ថុតាងដែលដកហូតបាននោះមាន គ្រឿងញៀនប្រភេទ កូកាអ៊ីន ចំនួន ១ពាន់៦៩២ក្រាម ហើយត្រូវបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០១៨ ៕ ប៊ុន​រិទ្ធី


ចែករំលែក៖