ដោយព្រួយបារម្ភចំពោះទំនាក់ទំនងជិតស្និទ្ធ រវាងរុស្ស៊ី នឹងចិន ជប៉ុនបានសម្រេចបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី បើទោះបីរងគំនៀបពីសម្ព័ន្ធមិត្តអាមេរិកក្តី។
នៅពេលដែលអាមេរិក និងប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប បានបណ្តេញមន្ត្រីការទូតរុស្ស៊ីចេញពីប្រទេស ដោយ ចោទប្រកាន់ជាប់ពាក់ព័ន្ធការបំពុលសម្លាប់អតីតចារបុរសជនជាតិរុស្ស៊ីនៅក្នុងប្រទេសអង់គ្លេស សម្ព័ន្ធមិត្តអាមេរិកទាំងអស់ បានប្រឆាំងនឹងរុស្ស៊ី ចំណែកជប៉ុនវិញ មិនត្រឹមតែមិនបណ្តេញមន្ត្រីទូតរុស្ស៊ី ថែមទាំងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ីទៀតផង។
តាមការបញ្ជាក់ពីការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបាននិយាយទៅកាន់ប្រទេសរុស្ស៊ីថា ការប្រើប្រាស់អាវុធគីមីគឺជារឿងមិនអាចទទួលយកបាន។ ប៉ុន្តែជប៉ុនមិនអាចធ្វើអ្វីភ្លាមៗ ដោយមិនទាន់ច្បាស់លាស់នោះឡើយ។
រដ្ឋាភិបាលរបស់លោក អាបេ ដូចជាកំពុងប្រើប្រាស់ឱកាសដ៏ល្អនេះ ដើម្បីបង្កើនទំនាក់ទំនងជាមួយរុស្ស៊ី ឲ្យកាន់តែជិតស្និទ្ធថែមទៀត។
កន្លងមក អាមេរិក និងប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មរុស្ស៊ី ពាក់ព័ន្ធនឹងបញ្ហាគ្រីមៀរ ហើយជប៉ុនក៏បានចូលរួមដាក់ទណ្ឌកម្មផងដែរ ដោយគ្រាន់តែកាត់បន្ថយការនាំចូលទំនិញពីរុស្ស៊ី ហើយសន្យាបង្កកប្រាក់របស់ជនជាតិរុស្ស៊ីដែលស្ថិតនៅក្នុងបញ្ចីដាក់ទណ្ឌកម្ម។ ប៉ុន្តែ អ្នកជំនួញរបស់រុស្ស៊ី មិនសូវដាក់ប្រាក់រក្សាទុកនៅក្នុងប្រទេសជប៉ុនឡើយ។
ការដែលជប៉ុនបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី គឺដោយសារតែពេលនេះ រុស្ស៊ី និងចិន មានទំនាក់ទំនងយ៉ាងល្អ ក្នុងវិស័យសេដ្ឋកិច្ច ទាំងនោះហើយ ទើបជប៉ុនមិនចូលរួលជាមួយអាមេរិក អឺរ៉ុប បណ្តេញមន្ត្រីការទូតរុស្ស៊ី អាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង។
នៅក្នុងខែឧសភាខាងមុខ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្ស៊ូអាបេ និងប្រធានាធិបតីរុស្ស៊ី លោក ពូទីន នឹងជួបពិភាក្សាគ្នា លើកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ក៏ដូចជាប្រជុំកោះដែលមានវិវាទ រវាងប្រទេសទាំង២ផងដែរ៕ ម៉ែវ សាធី


សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច