ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឥដ្ឋ១គ្រឿងបើកបុកបង្គោលភ្លើងពេញទំហឹង សង្ស័យដាច់ហ្វ្រាំង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកឥដ្ឋ១គ្រឿងបើកបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែអ្នកបើកបររបួសស្រាលប៉ុណ្ណោះ សង្ស័យដាច់ហ្វ្រាំងកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខវត្តអន្លង់ក្ងាន ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពពីអ្នកបើកបរឈ្មោះ រ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់ខេត្តកណ្តាលបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើករថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3D3247 ចេញពីម្តុំព្រែកអញ្ចាញ​ ខេត្តកណ្តាលបំណងយកទៅឲ្យនៅកៀនស្វាយក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចខាងលើស្រាប់តែរថយន្តបានដាច់ហ្វ្រាំងជាន់មិនសុីហើយដោយសារតែខ្លួនខាចរថយន្តដែលកំពង់បើកនោះទៅបុកនឹងរថយន្តអ្នកដំណើរដែលបើកនៅខាងមុខទើបខ្លួនក៏បួងចង្កូតឡើងលើសួនច្បារ បានប្រហែលជា១០០ម៉ែត្រ រថយន្តក៍ទៅបុកនឹងបង្គោលបំភ្លឺផ្លូវពេញទំហឹង ទើបរថយន្តអស់ល្បឿនទៅមុខលែងរួច និងបណ្តាលឲ្យអ្នកបើកបររងរបួសស្រាល ចំណែករថយន្តរងការខូចខាតខាងមុខយ៉ាងតំណំដោយឡែកបបង្គោលភ្លើង១ដើមបានទ្រេត។

ក្រោយកើតហេតុ នគរបាលចរាចរខណ្ឌសែនសុខបានទាក់ទងទៅនគរបាលចរាចររាជធានីភ្នំពេញ ឲ្យចុះមកពិនិត្យ និងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរ ជើងគោកដើម្បីឲ្យម្ចាស់ទៅដោះស្រាយនៅពេលក្រោយ ៕ តុង សីហា


ចែករំលែក៖