ខេត្តកំពង់ធំ ៖ នារីម្នាក់ក្រោយពីរងគ្រោះដោយសារព្រាននារី ចាប់រំលោភបានសំរេច កាលពីយប់វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅនិងផ្ទះនារីរងគ្រោះក្នុងភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ រួចមកបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានណគរបាលស្រុកស្ទោងនៅព្រឹកទី០១ ខែ មេសា ឆ្នាំ២០១៨។
លោកវរសេនីយ៍ឯក យ៉ង សំ អធិការនគរបាលស្រុកស្ទោងបានឲ្យ ភ្នាក់ងារ នគរវត្ត ដឹងនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ថា ជនសង្ស័យមានឈ្មោះ ឃឹម ដារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិត្រពាំងថ្ម ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នមកធ្វើជាកម្មករបើកឡានដឹកដី ធ្វើផ្លូវលំនៅក្នុងភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ និងបានស្នាក់នៅជិតផ្ទះនារីរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីខាងនារីរងគ្រោះឈ្មោះ ញ.ស.ខ អាយុ២៣ឆ្នាំ ថាជនសង្ស័យបានចាប់រំលោកភរូបនាងរហូតបានសម្រេច ។
យោងតាមការឆ្លើយបំភ្លឺពីនារីរងគ្រោះប្រាប់ថា រូបនាងបានស្រឡាញ់គ្នាជាមួយនឹងកម្លោះម្នាក់ឈ្មោះ សាក់ នោះទេ ចំណែកជនសង្ស័យដែលបានចាប់រំលោភរូបនាងឈ្មោះ ឃឹម ដារ៉ូ នេះ និងសង្សាររបស់នាងគឺជាពួកម៉ាកនឹងគ្នា គេធ្លាប់បានស្គាល់នាង និងធ្លាប់បានទៅលេងផ្ទះរបស់នាងរយៈពេលកន្លងមក លុះនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ជនល្មោភកាមរូបនេះក៏បានទៅលេងផ្ទះនាងតែម្នាក់ឯង ខណៈនោះម្តាយឪពុកនាងមិននៅផ្ទះគឺនាងនៅជាមួយនឹងក្មួយៗពីរនាក់ ហើយជនសង្ស័យបាននិយាយលេងជាមួយរូបនាងយ៉ាងយូររហូតដល់យប់ជ្រៅបន្តិច ក្មួយៗរបស់នាង ក៏ដេកលក់អស់ ពេលនោះជននេះក៏ចាប់នាងរំលោភទាំងកំរោលតែម្តងរហូតបានសម្រេច ។
ប្រភពបន្តថា នាងស្រែកក៏ស្រែកមិនរួចត្រូវគេខ្ទប់មាត់ជាប់ ដោយសារនាងមានមាឌតូចល្អិតផង ចំណែកជនសង្ស័យមានមាឌធំ នាងខំរើបំរាស់ធ្វើឲ្យភ្ញាក់ដល់ក្មួយៗរបស់នាង ក៏រត់ចុះពីលើផ្ទះទៅហៅមីងមានៅជិតខាងឲ្យមកជួយនាង ឃើញដូច្នោះជនសង្ស័យក៏ចុះគេចខ្លួនបាត់ ក្រោយកើតហេតុនាងនិងសាច់ញាតិបានទៅដាក់ពាក្យបណ្តឹងឲ្យចាប់ខ្លួនជនសង្ស័យតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេធ្វើយ៉ាងនេះទៅកើតនោះដោយសារតែមានការត្រូវរ៉ូវគ្នាជាមួយនាងមិនបានចាប់នាងបង្ខំនោះទេ តែទោះជាមានការបកស្រាយយ៉ាងនេះក៏ដោយ បើមានពាក្យបណ្តឹងមកសមត្ថកិច្ចគឺត្រូវតែចាត់ការច្បាប់ ។ បន្ទាប់ពីចងក្រងសំណុំរឿងរួចរាល់ជនសង្ស័យត្រូវបានបញ្ជូនទៅកានស្នងការនគរបាលខេត្តនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ដើម្បីចាត់ការបន្តរតាមនីតិវិធី ៕ ប៊ុនរិទ្ធី