ព័ត៌មានទាន់ហេតុការណ៍៖

អ្នក​នាំពាក្យ​តុលាការ​ ៖​ តុលាការ​អត់​ទាន់​សម្រេច​ទេ​ ករណី​លោក​ឡាយ​ វណ្ណៈ​ ឃាតកម្ម​លើ​ស្រី​កំណាន់​ ចេវ​ សុវឌ្ឍនា​

ចែករំលែក៖

ភ្នំពេញ​៖ លោក​លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​តាម​បណ្ដាញ​សង្គម​ Telegram ថា​ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​០២ ខែ​មេសា​ នេះ​ លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ពុំ​ទាន់​សម្រេច​បែប​ណា​នៅឡើយទេ​ ជុំវិញ​សំណុំរឿង​លោក​ ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ និង​ ជនសង្ស័យ​៥នាក់​ ផ្សេងទៀត​ ករណី​ឃាតកម្ម​លើ​នារី​ស្រស់​ស្អាត​ ចេវ​ សុវឌ្ឍនា​ ។

លោក​ លី​ សុផាណា​​ បញ្ជាក់​ថា”អយ្យការកំពុងសួរចម្លើយលើឈ្មោះ ឡាយ វណ្ណៈ​ និងពិនិត្យឯកសារ ភស្តុតាង នៅក្នុងសំណុំរឿង”។

គួរ​បញ្ជាក់​ថា​ លោក ឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន នៅមុខវិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ស្ថិតនៅចំងាយ ប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរប្រធានបក្សខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​០១​ ខែ​មេសា​ ។

សមត្ថកិច្ចមានគ្នា៤ទៅ​៥រថយន្ត បានឃាត់រថយន្តរបស់លោក ឡាយ វណ្ណៈ ដោយសមត្ថកិច្ចបានបង្ហាញដីកាបញ្ជា​ឱ្យ​ចូលខ្លួន របស់លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ ហើយបាន​នាំលោក ឡាយ វណ្ណៈ មកកាន់រថយន្តសមត្ថកិច្ច នាំមកទៅកាន់រាជធានីភ្នំពេញ។

ដីកាបញ្ជា​ឱ្យ​ចូលខ្លួនដែលចេញដោយលោកព្រះរាជអាជ្ញារង សៀង សុខ បានបញ្ជា​ឱ្យ​កម្លាំងសមត្ថកិច្ចនាំខ្លួន លោក ឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្ត្រីក្រសួងមហាផ្ទៃ (អតីតអភិបាលខេត្តតាកែវ) ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មកបង្ហាញខ្លួន នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរពីដំណើររឿង ឃាតកម្ម កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុះផ្ទះជួល ក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

លោក ឡាយ វណ្ណៈ សារភាពថា មានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា ដែលត្រូវបានគេប្រទះឃើញស្លាប់ ក្នុងរូបភាពចងកក្នុងវីឡាមួយកន្លែង នៅក្រុងដូនកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។

លោក ឡាយ វណ្ណៈ ជាជនសង្ស័យទី៦ហើយ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធការស្លាប់របស់អ្នកស្រី ចេវ សុវឌ្ឍនា។ ជនសង្ស័យ៥នាក់ផ្សេងទៀត រួមមាន លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ឈ្មោះ ​ចាន់ ​រី ​ភេទ​ស្រី ​និង​ប្តី​ឈ្មោះ ​ជឹម ​វុ​ធ ​ជា​អ្នកបំរើ​នៅផ្ទះ​នាង​ ចេ​វ ​សុ​វ​ឌ្ឍ​នា​, ​ឈ្មោះ​ មេន​ សម័យ ​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​វណ្ណៈ ​និង​ឈ្មោះ ​តាក់ ​រតនា ​ជា​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​ណា​រិ​ទ្ធ៕ ចេស្តា

 


ចែករំលែក៖