ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រពន្ធរួមនឹងឪពុកក្មេងប្តឹងនគរបាលប៉ុស្តិ៍ឲ្យឃាត់ខ្លួនពាក់ព័ន្ធករណីប្រើអំពើហិង្សានៅក្នុងគ្រួសារវាយប្រពន្ធឡើងជាំដៃម្ខាងនិងភ្នែកម្ខាងកាលពីយប់ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៨ កន្លងទៅ លុះដល់យប់ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានប្រើអំពើហិង្សាទៅលើកគ្រួសារនិងស្ត្រីជាប្រពន្ធម្តងទៀត ក៍ត្រូវឪពុកក្មេកនិងប្រពន្ធប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តងកាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅចំនុចផ្ទះគ្មានលេខ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យជាប្តីមានឈ្មោះ ប៉ាត់ ប៉ូលីន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់ វាលវង់ ខណ្ឌ៧មករា ។ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ យិនសុនី មុនីរ៉ា អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះគ្មានលេខ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅយប់ថ្ងៃទី២៦ ខែមីនា ជនសង្ស័យបានយកម៉ូតូរបស់ប្រពន្ធជិះទៅផឹកស៊ីជាមួយមិត្តភក្តិ ពេលនោះប្រពន្ធបានទៅយកម៉ូតូមកវិញ ក៏ត្រូវបានជនសង្ស័យជាប្តីប្រើអំពើហិង្សាវាយមកលើ ប្រពន្ធបណ្តាលឲ្យរបួសជាំភ្នែកខាងស្តាំ និងជាំដៃខាងឆ្វេង រួចត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ លុះដល់យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ម៉ោង១រំលងអាធ្រាត ជនសង្ស័យ បានផឹកស្រាស្រវឹងដើរមកផ្ទះឪពុកក្មេក ដើម្បីហៅជនរងគ្រោះជាប្រពន្ធឲ្យបើកទ្វារ តែជនរងគ្រោះ និងឪពុកក្មេកមិនបើកទ្វារឲ្យ ទើបជនសង្ស័យជាប្តីបានធាក់របងផ្ទះ ជេរប្រមាថ និងគម្រាមកំហែងស្រែកឡូឡាពេញភូមិ ក៏ត្រូវបានឪពុកជនរងគ្រោះ ប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនដើម្បីធ្វើការសាកសួរ ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីបន្តនីតិវិធី ៕ សណ្តោស