នៅទីក្រុងប៉េកាំង មេដឹកនាំកូរ៉េខាង ជើង រីករាយឲ្យប្រធានាធិបតីចិន ស៊ី ជីនពីង ដើរតួនាទី ជាបងធំ របស់ទីក្រុង ព្យុងយ៉ាង បានធ្វើឲ្យមេដឹកនាំប្រទេស មហាអំណាចជាច្រើនតម្រង់ជួរ ចង់ជួប ពិភាក្សាជាមួយ គីម ជុងអ៊ុន។
នៅក្នុងអត្ថបទវិភាគរបស់ លោក Katsuji Nakazawa នៅក្នុងកាសែត Nikkei Asia Review កាលពីថ្ងៃទី២ ខែមេសា បានបញ្ជាក់ថា នៅនាទីចុងក្រោយ ទីក្រុង ព្យុងយ៉ាងបានប្រើប្រាស់ ចិន ទុកដូចជា រនាំងការពារដ៏រឹងមាំ ទប់ស្កាត់ការវាយ ប្រហារដោយយោធាពីអាមេរិក។
នៅពេលនេះលោកស៊ី ជីនពីង បានដើរ តួនាទីយ៉ាងសំខាន់ នៅក្នុង កិច្ចពិភាក្សារវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹង ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នៅ ចុងខែឧសភា ដែលជាជំនួបលើកទីមួយ របស់មេដឹកនាំទាំងពីរ។
ក្នុងពេលដែលត្រៀមលក្ខណៈជួប ពិភាក្សាជាមួយមេដឹកនាំគីម ជុងអ៊ុន ប្រធា នាធិបតីដូណាល់ ត្រាំបានផ្លាស់ប្តូរតំណែងមន្ត្រីសំខាន់ៗ ដូចជា តែងតាំងរដ្ឋមន្ត្រី ក្រសួងការបរទេសថ្មី លោក Mike Pompeo និងទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton ។
នៅមុនកិច្ចពិភាក្សាជាន់ខ្ពស់ ជាមួយ កូរ៉េខាងជើង អង្គការសហប្រជាជាតិបាន សម្រេច ដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើងក្នុងនោះមានការដាក់ទណ្ឌកម្ម កប៉ាល់ ដឹកទំនិញ និងក្រុមហ៊ុន មួយចំនួន ដែលលួចធ្វើជំនួញជាមួយទីក្រុងព្យុងយ៉ាង។
ក្រុមអ្នកឯកទេសបានលើកឡើងថា ការដាក់ទណ្ឌកម្មនោះ គឺដើម្បីជួយឲ្យ កិច្ចពិភាក្សារវាង លោកត្រាំនឹងលោកគីម ជុងអ៊ុន ទទួលបានជោគជ័យឈានដល់ ការលុបបំបាត់អាវុធបរមាណូ ដើម្បីជាថ្នូរ នឹងការបញ្ចប់ទណ្ឌកម្ម។
កន្លងមក ក្រុមប្រឹក្សាសន្តិសុខ នៃអង្គ ការសហប្រជាជាតិ បានដាក់ទណ្ឌកម្ម កប៉ាល់ដឹកទំនិញចំនួន២៧ គ្រឿង និង ក្រុមហ៊ុនចំនួន ២១ ចូលក្នុងបញ្ជីខ្មៅរបស់ ខ្លួន ដោយហេតុថា ពួកគេបានលួចរកស៊ីជាមួយកូរ៉េខាងជើង បំពាននឹងការដាក់ ទណ្ឌកម្មរបស់អ.ស.ប។ គួរជម្រាបថា អ.ស.ប នៅតែបន្តដាក់សម្ពាធទៅលើកូរ៉េខាងជើង បើទោះជាប្រទេសនេះ បានបន្ទន់ឥរិយាបថចង់វិលរកការចរចារក៏ដោយ។
ខណៈពេលដែលជំនួបរវាងមេដឹកនាំ កូរ៉េខាងជើង លោក គឹម ជុងអ៊ុន នឹងលោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាន់ តែខិតជិតមកដល់ សហរដ្ឋអាមេរិកនៅតែមិនភ្លេចបន្តការដាក់សម្ពាធទៅលើទីក្រុងព្យុងយ៉ាងនោះឡើយ។ តួយ៉ាង កាលពីពេល កន្លងមកថ្មីៗនេះ ឆ្លើយតបនឹងការស្នើរ បស់អាមេរិក អ.ស.បបានដាក់ចូលក្នុងបញ្ជី ខ្មៅរបស់ខ្លួននូវឈ្មោះ កប៉ាល់ ដឹកទំនិញ ចំនួន ២៧ គ្រឿង ក្រុមហ៊ុនចំនួន២១ ព្រម ទាំងអ្នកជំនួញម្នាក់ផង ដែលនៅតែបន្ត លួចរកស៊ីជាមួយប្រទេសកូរ៉េខាងជើង។
ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ នៅអ.ស.ប លោកស្រី Nikki Haley បាន ធ្វើការស្វាគមន៍ភ្លាមៗ ចំពោះការដាក់ទណ្ឌ កម្ម ទៅលើប្រទេសមានមហិច្ឆតាផលិត អាវុធនុយក្លេអ៊ែរ ដូចជា កូរ៉េខាងជើង។ សម្រាប់ អាមេរិក ការបន្ត ដាក់ទណ្ឌកម្មនេះគឺជាសញ្ញាប្រាប់ថា សហគមន៍អន្តរជាតិរួមកម្លាំងគ្នាដាក់សម្ពាធលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា តាមពិតទៅសហរដ្ឋ អាមេរិកបានស្នើឲ្យ អ.ស.ប ហាមឃាត់ កប៉ាល់ដឹកទំនិញចំនួន៣៣ និងក្រុមហ៊ុន ចំនួន ២៧ឯណោះ ទាក់ទងនឹងការលួចរត់ពន្ធជាមួយកូរ៉េខាងជើង តែចិនបានសុំ ពិនិត្យមើលបញ្ជីស្នើសុំ របស់អាមេរិក ជាមុនសិន មុនមានការសម្រេចណា មួយកើតឡើង។
មួយវិញទៀត បើតាមរបាយការណ៍ មួយ ចេញផ្សាយដោយ អ.ស.ប នាពេល ថ្មីៗនេះបានបង្ហាញ កាលពីឆ្នាំកន្លងទៅ កូរ៉េខាងជើងអាចរកប្រាក់ចំណូលបាន រហូតដល់ ២០០ លាន ដូលា្លរ សហរដ្ឋ អាមេរិក តាមរយៈការនាំចេញធ្យូងថ្ម ដែកថែប និងទំនិញផ្សេងៗ ដែលត្រូវបាន ហាមឃាត់។
ដោយសារតែមានការគប់គិត រកស៊ីជា មួយគ្នា ក្នុងអំឡុងឆ្នាំ ២០១៦-២០១៧ ក្រុមហ៊ុន កូរ៉េខាងជើងចំនួន ១២ ត្រូវបាន ដាក់ចូលក្នុងបញ្ជីខ្មៅ ។ ក្រៅពីនេះ ក៏មាន ក្រុមហ៊ុនរបស់ចិន សំាងហ្គាពួរ ប៉ាណាម៉ា សាម៉ូអា និង ប្រទេសប្រជុំកោះ Marshall មួយចំនួនផងដែរ ត្រូវបានគេបញ្ចូលក្នុង បញ្ជីខ្មៅរបស់អ.ស.ប ។
ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មនោះ រដ្ឋា ភិបាលកូរ៉េខាងត្បូង ក៏បាន បង្ហាញការគំាទ្រចំពោះទណ្ឌកម្មបន្ថែមប្រឆាំងនឹងកូរ៉េ ខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ បើទោះជាកំពុងដើរលើផ្លូវផ្សះផ្សាជាមួយទីក្រុងព្យុងយ៉ាង ក៏ដោយ។
ជុំវិញទណ្ឌកម្មថ្មីនេះដែរ មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងម្នាក់ បានបញ្ជាក់នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា៖ «ការដាក់ទណ្ឌកម្មថ្មីនេះ គឺតំណាងឱ្យ សហគមន៍អន្តរជាតិ ក្នុងការដោះ ស្រាយ ក៏ដូចជាអនុវត្តយ៉ាងពេញលេញលើ ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង»។
គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសកូរ៉េខាងត្បូងបញ្ជាក់ថា នាវាដឹកប្រេងមួយគ្រឿងដោតទង់ជាតិប៉ាណាម៉ា ឈ្មោះ KOTI ដែលត្រូវបាន រឹបអូសនៅឯកំពង់ផែ Pyeongtaek-Dangjin កាលពីឆ្នាំ២០១៧ ក្រោមការសង្ស័យថាបានផ្គត់ផ្គង់ប្រេងឱ្យកូរ៉េ ខាងជើង ក៏ត្រូវជាប់ ទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិដែរ។
នៅពេលនេះ កូរ៉េខាងជើងមិនទាន់មានប្រតិកម្មអ្វីជុំវិញការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនៅឡើយ ។ មិនតែ ប៉ុណ្ណោះ មេដឹកនាំកូរ៉េខាងជើងបានចូល រួមទស្សនាការសម្តែងរបស់ក្រុមតន្ត្រីនារី K-Pop របស់កូរ៉េខាងត្បូងទៀតផង។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន បានបង្ហាញពីក្ដីសង្ឃឹមថា ការសម្ដែង សិល្បៈរបស់តារាចម្រៀង K-Pop កូរ៉េខាង ត្បូង នៅក្នុងទីក្រុងព្យុងយ៉ាង អាចនឹង កា្លយជាឱកាស ក្នុងការបញ្ជាក់ពីការរឯកភាពជាតិរវាងកូរ៉េទាំងពីរ និងក្រោយពេល ដែលកូរ៉េខាងជើង បានបញ្ជូនក្រុមសិល្ប កររបស់ខ្លួន ទៅសម្តែងនៅកូរ៉េខាងត្បូង ដូចគ្នា កាលពីក្នុងព្រឹត្តិការណ៍កីឡាអូឡាំ ពិករដូវរងា នាខែកុម្ភៈកន្លងទៅ។ នេះបើ តាមការផ្សាយដោយ KCNA ដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២ ខែមេសា ឆ្នាំ២០១៨៕ ម៉ែវ សាធី