ភ្នំពេញ ៖ កាលពីយប់ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវ នឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីបានទទួលដំណឹងអំពីករណីហិង្សាបង្កឡើងដោយបុរសជាប្ដីឈ្មោះ សរ ចន្នីរឹទ្ធ អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៣ដេ ផ្លូវលេខ ៥៣BT ក្នុងភូមិក្បាលទំនប់ សង្កាត់បឹង ទំពុនទី២ ខណ្ឌមានជ័យ ទៅលើប្រពន្ធ បណ្ដាលឲ្យរបួសផ្ទៃមុខ និងភ្នែកធ្ងន់ធ្ងរមក នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នង ការរង និងជាស្នងការនគរបាលរាជធានី បានបញ្ជាឲ្យសមត្ថកិច្ចនគរបាលព្រហ្ម ទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញចុះស្រាវជ្រាវជាបន្ទាន់ដើម្បីចាប់ឃាត់ខ្លួនជនល្មើសយកមកឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ។ រហូតមកដល់ព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ច បានចាប់ខ្លួនប្តីកំណាចបានហើយ ។
គួររំលឹកថា នារីរងគ្រោះម្នាក់ត្រូវបានប្តី និងក្រុមគ្រួសារខាងប្តីវាយធ្វើបាបយ៉ាងធ្ងន់រហូតដល់ពិការភ្នែកម្ខាង និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យឯកជនក្នុងរាជធានីភ្នំពេញ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១២យប់ ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីឈ្មោះ សរ ចន្នីរិទ្ធ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខ របរជាបុគ្គលិកក្រុមហ៊ុនលក់ប្រេងម៉ាសុីនម៉ូលី មានទីលំនៅផ្ទះលេខ៦៣ដេ ផ្លូវលេខ ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែក ប្រពន្ធជាជនរងគ្រោះឈ្មោះ ឆេង សុខរ៉ា អាយុ៣២ឆ្នាំ ជាបុគ្គលិកធនាគារ មានទីលំ នៅផ្ទះកើតហេតុខាងលើ ។
សមត្ថកិច្ចបានបន្តថា បុរសជាប្តីក្រៅ ពីម៉ោងធ្វើការបានដើរផឹកសុីនិងមានស្រីញីស្ទើររាល់យប់ ប៉ុន្តែប្រពន្ធមិនដែលសួរ នាំឬរករឿងម្តងណាឡើយ។ លុះមកដល់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ដោយឃើញសភាពប្តីស្រវឹងខ្លាំងពេកនិងឮរអ៊ូផងនោះ នាងក៏សួរទៅប្តីថា តើបងមានរឿងអ្វីជា មួយអ្នកណា? គ្រាន់តែឮសំឡេងប្រពន្ធសួរប៉ុណ្ណឹងបុរសជាប្តីបានជេរប្រពន្ធថា «មី ចុយម្រ៉ាយ! កុំចេះដឹងរឿងអញប្រយ័ត្នអញ យកកំបិតអារកចោល»។ ប្រពន្ធបានតបវិញ ថា «គ្រាន់តែខ្ញុំសួរប៉ុណ្ណឹងហេតុអ្វីចាំបាច់ជេរដល់ម្តាយខ្ញុំ? ម្តាយខ្ញុំមិននៅជាមួយ អ្នកឯងឯណាក្រែងសព្វថ្ងៃហ្នឹងខ្ញុំរស់នៅជាមួយម្តាយអ្នកឯងតើ?»។ គ្រាន់តែឮប៉ុណ្ណឹង បុរសជាប្តីក៏ស្រែកថា «យីស! មីង៉ែងហ៊ាន ជេរម្តាយអញផង» រួចក៏ស្ទុះទៅវាយប្រពន្ធ ៣-៤ដៃ និងចាប់បោចសក់បោកផ្ទប់នឹង ជញ្ជាំងទាត់និងលោតធាក់នាងរហូតបែកឈាមពេញភ្នែកធ្វើឲ្យនាងឈឺចាប់ស្រែកផ្អើលអ្នកជិតខាងទើបប្តីឈប់វាយ ។
គួរបញ្ជាក់ថា មុនពេលបុរសជាប្តីវាយ ប្រពន្ធក្រុមគ្រួសារខាងប្តីបានឃើញនិងឈរមើលគ្រប់គ្នា ដោយមិនបានជួយឃាត់ ឡើយរួចថែមទាំងស្ទុះទៅជួយវាយនាង ថែមទៀត ។
ក្រោយពេលកើតហេតុបានប្រហែល១ម៉ោងនាងបានឲ្យអ្នកជិតខាងជូនទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍បឹងទំពុនទី២ ប៉ុន្តែមន្ត្រី នគរបាលបានត្រឹមតែទទួលពាក្យបណ្តឹង និងថតរបួសស្លាកស្នាមជនរងគ្រោះទុក ប៉ុណ្ណោះដោយមិនព្រមចាត់ការ និងគ្មាន ដំណោះស្រាយ ឬជួយធ្វើអន្តរាគមន៍ ឡើយ ។
រំលងបាន១ថ្ងៃស្ត្រីរងគ្រោះបានធ្វើ ដំណើរទៅរកម្តាយនៅខេត្តកំពង់ចាម ហើយក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅ តុលាការតែរហូតមកដល់ពេលនេះនៅពុំឃើញមានដំណឹងនៅឡើយ ។
គួរអាណិតនាងណាស់ជាង១សប្តាហ៍ហើយភ្នែកនាងនៅតែហើមឈាមមិនឈប់ ហើយមិនបានទៅធ្វើការទៀត។ តើពេល ណាទើបរកយុតិ្តធម៌ជូននាងទៅ?
ចុងក្រោយភាពអយុត្តិធម៌ដោយប្តីចិត្តខ្មៅទើបនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យនគរបាលព្រហ្មទណ្ឌចុះឃាត់ខ្លួនជនសង្ស័យជាប្តីចិត្តខ្មៅជាបន្ទាន់ដើម្បីរកយុត្តិធម៌ជូនស្ត្រីរងគ្រោះដែលរងកណ្តាប់ដៃហើមមុខ ហើមមាត់ ជាំភ្នែកជាដំណំ យកមកចាត់ការតាមច្បាប់ ។
រហូតដល់ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៨សមត្ថកិច្ចបានកោះហៅភាគីទាំង សងខាង២នាក់ប្តីប្រពន្ធខាងលើនេះមក សាកសួរឆ្លើយបំភ្លឺនៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២។ ពេលបញ្ចប់ការឆ្លើយ បំភ្លឺស្ត្រីជាប្រពន្ធបានរៀបរាប់ថា មុនពេលកើតហេតុប្តីរបស់ខ្លួនទើបតែមកពីផឹក លុះ ត្រឡប់ដល់ផ្ទះនាងក៏ទះប្តី១ដៃ ក្រោយមកទៀតប្តីខឹងក៏ជេរនិងវាយមកលើនាង១ដៃ ចំភ្នែកខាងឆ្វេងបណ្តាលឲ្យរងរបួស ទើប នាងសូមឲ្យសង្កាត់បឹងទំពុន២ឲ្យជួយដោះ ស្រាយ ប៉ុន្តែករណីហិង្សានេះនាងមិនបានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបុរសជាប្តីមក ផ្តន្ទាទោសអ្វីនោះទេ ព្រោះគាត់ទុកឲ្យប្តីនៅ ចិញ្ចឹមកូនស្រីតូចអាយុ២ឆ្នាំ៣ខែ គ្រាន់តែសូមឲ្យសមត្ថកិច្ចជួយហៅប្តីរបស់ខ្លួនមក អប់រំ និងធ្វើកិច្ចសន្យាតែប៉ុណ្ណោះ។ នាងក៏មិនចង់មានកម្មពារវែងឆ្ងាយបន្តហើយ នាងនិងប្តីនឹងលែងលះគ្នាឲ្យដាច់ស្រេច តាមប្រព័ន្ធតុលាការបន្តទៀត។ ចំណែក បុរសជាប្តីក៏ធ្វើកិច្ចសន្យាឈប់ទៅរករឿងពាក់ពន្ធ័នឹងប្រពន្ធចាប់ពីពេលនេះតទៅ។
ប៉ុន្តែដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នង ការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញពេលនេះលោកព្រះ រាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃាត់ខ្លួនបុរសជាប្តីដែលបានប្រើហិង្សាទៅលើប្រពន្ធខាងលើនេះហើយដើម្បីចាត់ការតាមច្បាប់ ទោះបីប្រពន្ធជនសង្ស័យជាប្តីមិនចង់ឲ្យប្តីជាប់ទោសក៏ដោយ ៕ ស តារា