ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់១ដើមរាបស្មើដី

ចែករំលែក៖

ភ្នំពេញ៖ បង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបានបាក់ដួលរៀបស្មើដល់ ខណៈរថយន្តកាមរីបាឡែនមួយគ្រឿងបើកក្នុងល្បឿនលឿនសង្ស័យស្រវឹងជ្រុលឡើងឃឿនទ្រូងផ្លូវហើយបុកបង្គោលភ្លើង រួចមិនទាន់អស់ល្បឿនឆ្លងទៅម្ខាងទៀត បែកកង់ទៅមុខលែងរួច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខសាលាអន្តរជាតិ តាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៍ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2AE 0889 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនសង្ស័យស្រវឹង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅឡើងទ្រូងផ្លូវ និងបុកបង្គោលភ្លើងបាក់ដាច់អស់មួយដើមរាបស្មើដល់ដី ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ផ្លោះទៅម្ខាងទៀតបែកកង់ខាងស្តាំទៅមុខលែងរួច ។

ក្រោយកើតហេតុម្ចាស់រថយន្តចេញពីរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចវាស់វែងស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖