ព័ត៌មានទាន់ហេតុការណ៍៖

មកពីផឹកខឹងប្រពន្ធមិននៅផ្ទះចិត្តខ្លាំងរួចចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ខណៈដែលបុរសម្នាក់ មកពីស៊ីផឹកស្រវឹងដល់ផ្ទះមិនឃើញប្រពន្ធក៏កើតចិត្តខឹង បានទាញយកម៉ូតូខូចទុកចោលខាងក្រោយផ្ទះ យកមកដុតកម្ទេចចោល និងរត់ឡើងលើផ្ទះយកខោជើងវែងចងកសម្លាប់ខ្លួនមិនបានសម្រចកាលវេលាម៉ោង៧និង៥នាទីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅភូមិស្វាយធំ ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យអ្នកយកព័ត៌មានកាសែតនគរវត្តដឹងថា បុរសចិត្តខ្លាំងនោះឈ្មោះ ឈូក រតនា អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានប្រពន្ធឈ្មោះ អី សុផាត អាយុ២៥ឆ្នាំ មុខរបរកម្មរោងចក្រ រស់នៅភូមិ-ស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ឈូក រតនា ផឹកស្រាស្រវឹងជោកពេលមកដល់ផ្ទះវិញមិនឃើញប្រពន្ធនៅផ្ទះ ក៏កើតចិត្តខឹងក្តៅក្រហាយ ទាញបានម៉ូតូរបស់ខ្លួនម៉ាកហុងដាគុប ពណ៌ស្លែ មកដុតកម្ទេចចោលតែម្ដង ។ បន្ទាប់ពីដុតរួចក៏បានរត់ចូលទៅក្នុងផ្ទះ យកខោជើងវែងមកចងកសម្លាប់ខ្លួន ពេលនោះបានកម្លាំងប្រជាការពារភូមិ កំពុងដើរល្បាតតាមផ្លូវខាងមុខផ្ទះ បានស្រែកហៅបងប្អូនមកជួយស្រាយទម្លាក់ទាន់ រួចបានហៅរថយន្តសង្គ្រោះដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលបុរសស្រវឹងខួបខាងលើព្យាយាមចងកសម្លាប់ខ្លួនតែមិនបានសម្រេច ៕ យឹម សុថាន


ចែករំលែក៖