ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម សុក្រិត ប្រើ​កូនចៅវាយ​ពលរដ្ឋស្លូតត្រង់ចោទថានេសាទល្មើសច្បាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោកសុខ សុវណ្ណ អាយុ២៨ឆ្នាំ រស់នៅភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់​ត្រូវ​បានក្រុមមន្ត្រីជលផលចាប់វាយធ្វើបាបបណ្តាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍ហិង្សាបែបនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅចំណុច​តំបន់ផ្លូវទឹក អតីតឡូត៍នេសាទលេខ៣ ស្ថិតក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

លោកសុខ សុវណ្ណ បានប្រាប់ភ្នាក់ងារកាសែតនគរវត្តដោយផ្ទាល់​ថា ខ្លួនជាអ្នកស៊ីឈ្នួលបើកកាណូតដឹកត្រីឲ្យគេពីតំបន់រាំងទិល ទៅកំពង់ឃ្លាំង ខេត្តសៀមរាប ។ ខ្លួនស៊ីឈ្នួលដឹកត្រីឲ្យគេមួយជើងបានប្រាក់៤ម៉ឺនរៀល ។ នៅថ្ងៃកើតហេតុ ពេលត្រឡប់មកពីកំពង់ឃ្លាំង បើកកាណូត ក្បែរតំបន់ឡូត៍នេសាទ ក៏ត្រូវពួកមន្ត្រីជលផលដឹកនាំដោយលោកលឹម សុក្រិត ចាប់​នាំមកស្នាក់ការជលផល នៅអតីតឡូត៍លេខ៦ ។ នៅក្នុងកាណូតមានគ្នា៣នាក់ដែលមានក្មេងអាយុ១៣ឆ្នាំម្នាក់ និងបុរសម្នាក់ទៀតជាម្ចាស់ត្រី អាយុប្រហែលជាង៣០ឆ្នាំ ។ ពួកគេត្រូវបានក្រុមលោកលឹម សុក្រិតចោទថា បានធ្វើសកម្មភាពនេសាទល្មើសច្បាប់នៅភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

លោកសុខ សុវណ្ណ អះអាងថា ខ្លួនមិនមែនជាអ្នកនេសាទអ្វីនោះទេ ហើយនៅលើទូករបស់ខ្លួនមានតែកូនត្រី៤ទៅ១០គ្រាប់ប៉ុណ្ណោះ ។ ប៉ុន្តែពួកមន្ត្រីជលផលបានចោទថា ពួកគេជាអ្នកនេសាទល្មើសច្បាប់ ហើយក៏បាននាំមកស្នាក់ការជលផល ។ នៅតាមផ្លូវ បុរសម្ចាស់​ត្រី និងក្មេងប្រុសអាយុជាង១០ឆ្នាំនោះ បានលោត​ចេញពីលើទូក ព្រោះតែខ្លាចការចាប់ជំរិតទារប្រាក់ពីសំណាក់ពួកមន្ត្រីជលផល ។

អ្នកបើកកាណូតឈ្មោះ សុខ សុវណ្ណ និយាយថា នៅពេលមកដល់ស្នាក់ការជលផល ពួកមន្ត្រីជលផលទាំងនោះបានចាប់ចងដៃចងជើងខ្លួនដូចសត្វជ្រូក ។ ខ្លួនបានប្រកែកមិនឲ្យមានការចាប់ចងនោះទេ ។ ប៉ុន្តែពួកគេមិនព្រម នៅពេលនោះជំទប់ទី២នៃឃុំរាំងទិល ក៏បានសួរនាំ និងសុំឲ្យ​ដោះខ្នោះស្រាយចំណង ។

ពួកគេបាននាំបុរសឈ្មោះ សុខ សុវណ្ណ មកស្នាក់ការជលផលធំ(សង្កាត់ជលផលកណ្តៀង) ។ ពួកមន្ត្រីជលផល រួមនឹងកម្លាំងសមត្ថកិច្ចចម្រុះបីបួននាក់​ប្រាថ្នាធ្វើទារុណកម្មលើអ្នកបើកកាណូតឈ្មោះសុខ សុវណ្ណ ។ ដោយភ័យខ្លាច សុខ សុវណ្ណ បានលោតពីលើទូក ហើយត្រូវពួកមន្ត្រីជលផលវាយ៣ច្រវ៉ា បណ្តាលឲ្យរបួស ។ លោកសុខ សុវណ្ណ ត្រូវបាននាំទៅ​សង្កាត់រដ្ឋបាលជលផលកណ្តៀង ហើយបញ្ជូនបន្តមកឲ្យសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ចាត់ការតាមនីតិវិធី ។

បុរសឈ្មោះសុខ សុវណ្ណ បាននិយាយថា ខ្លួនមិនដឹងអ្វីទាល់តែសោះចំពោះការចោទប្រកាន់ថា ខ្លួនបាននេសាទខុសច្បាប់នោះ ។ ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលបើកកាណូតដឹកត្រីឲ្យគេតែប៉ុណ្ណោះ ។ សូម្បីកាណូត ក៏គ្មានផង គឺបើអ្នកណាត្រូវការអ្នកបើកបរ ខ្លួនទៅបើកកាណូតឲ្យគេតែប៉ុណ្ណោះ ។

បទល្មើសនេសាទនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់បានកើតមាន​ទ្រង់ទ្រាយធំជារៀងរាល់ថ្ងៃ ។ ឈ្មួញដែលបង់ប្រាក់ឲ្យ​លោកលឹម សុក្រិត ដែលទើបឡើងតំណែងថ្មីៗជានាយសង្កាត់រដ្ឋបាលជលផលកណ្តៀងនោះ អាចនេសាទបានតាមអំពើចិត្ត។ សម្រាប់ប្រជាពលរដ្ឋធម្មតា គ្រាន់តែ​បើកកាណូតឆ្លងកាត់តំបន់អភិរក្ស ឬក៏ក្បែរៗតំបន់អភិរក្ស ក៏ក្រុមមន្ត្រីជលផលក្រោមអំណាចចាត់ចែងរបស់លោកលឹម សុក្រិតចាប់ប្រើហិង្សា យ៉ាងសាហាសវព្រៃផ្សៃដែរ ។ ជាក់ស្តែងករណីខាងលើនេះ ជាភស្តុតាងមួយ ។

ការដែលធ្វើឲ្យប្រជាពលរដ្ឋជួបប្រទះនឹងការលំបាក ក៏ដូចជាក្តៅក្រហាយក្នុងចិត្តមិនមែនជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះឡើយ ។ ទឡ្ហីករណ៍មួយខាងលើនេះ គេរំពឹងថា អាជ្ញាធរខេត្តពោធិ៍សាត់មិនបណ្តោយឲ្យមន្ត្រីជលផលធ្វើព្យុះធ្វើភ្លៀងបំផ្លាញទឹកចិត្តប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាលនោះឡើយ ៕ ហេង សូរិយា


ចែករំលែក៖