ខេត្តស្ទឹងត្រែង ៖ មនុស្សពីរនាក់បានរងរបួស ខណៈប្តីឌុបប្រពន្ធទៅពិនិត្យសុខភាពផ្ទៃពោះ ចៃដន្យស្រាប់តែមានរ៉ឺម៉កម៉ូតូមួយគ្រឿងបានរបូតកន្ទុយរ៉ឺម៉កមកប៉ះជាមួយម៉ូតូរបស់ជនរងគ្រោះ ដែលកំពុងធ្វើដំណើរលើដងផ្លូវ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៤៥នាទី ព្រឹក ថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចជិតផ្លូវបំបែកទៅកាំងមេម៉ាយ ម្តុំផ្សារគីឡូពីរ ស្ថិតក្នុងភូមិរាជានុកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ អ្នកបើក រ៉ឺម៉កម៉ូតូបានចេញពីផ្ទះ ដោយផ្ទុកដែក ក្នុងគោលបំណងទៅ ធ្វើផ្ទះឲ្យគេ ។ លុះមកដល់ចំណុចកើតហេតុបានវាក់នឹង ម៉ូតូមួយគ្រឿង ដែលធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យរហូតកន្ទុយរ៉ឺម៉កមកប៉ះនឹងម៉ូតូពីរនាក់ប្តីប្រពន្ធមានផ្ទៃ ពោះបីខែដែលមកពិនិត្យសុខភាពនៅមន្ទីរពេទ្យ បង្កឲ្យ ប្តីប្រពន្ធរងរបួស ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្ក្រោះបន្ទាន់នៅមន្ទីពេទ្យយោធភូមិភាគទី១ ។
តាមការពិនិត្យរបស់គ្រូពេទ្យបានអះអាងថា សុខភាពម្តាយទាំងកូន មានសុភាពធម្មតា គ្រាន់តែម្តាយមានការភិតភ័យតក់ស្លុតតែប៉ុណ្ណោះ ។ បច្ចុប្បន្នត្រូវបានចេញពីរមន្ទីពេទ្យ ទៅផ្ទះវិញហើយ ។
លោកខែក សារី នាយផ្នែកចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ស្ត្រីរងគ្រោះនោះមានឈ្មោះ ឃឹម ស្រីនាង អាយុ២៥ឆ្នាំរស់នៅភូមិរាជានុកោល សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
លោកបន្តថា រ៉ឺម៉កម៉ូតូ គ្មានពាក់ស្លាកលេខទេ បើកបរខ្វះការប្រុងប្រយ័ត្ន។ ចំណែកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំឆ្នាំ២០១៨ ពាក់ស្លាកលេខ ស្ទឹងត្រែង1C-4645 ។
លោកបញ្ជាក់ថា ក្រោយពេលកើតហេតុ ភាគីសងខាង បានចរចាសម្របសម្រួលគ្នាដោយមានទំនួលខុសត្រូវ ដើម្បីបញ្ចប់រឿង ៕ មាស សុផាត