ភ្នំពេញ៖ រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលឲ្យរងការខូចខាតតែមិនមានអ្នករងរបួស ហើយគេសង្ស័យថា មកពីរថយន្តដឹកឥដ្ឋដែលបើកពីក្រោយចាប់ហ្វ្រាំងមិនសុី។
គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពី ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខធនាគាជាតិ តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ឃើញមានរថយន្តធុនធំដឹកដី១គ្រឿង ស្លាកលេខ ភ្នំពេញ3A.3905 ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ មានរថយន្ត១គ្រឿងម៉ាកISUZU ស្លាកលេខ ភ្នំពេញ3B.4247 របស់ក្រុមហ៊ុនតេឡាបើកមកពីក្រោយ ហើយអ្នកបើកបរបត់ឆ្វេងដៃ ពេលនោះរថយន្ត១គ្រឿងទៀត ស្លាកលេខ ប៉ៃលិន 3A.0212 ដឹកឥដ្ឋមកពីក្រោយ ទិសដៅស្របគ្នា សង្ស័យចាប់ហ្វ្រាំងមិនសុីជ្រុលបុករថយន្តដឹកសាំងពីក្រោយ ហើយឡានដឹកសាំងជ្រុលទៅបុក ឡានធុនធំដឹកដីបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខ និងខាងក្រោយ ចំណែករថយន្តដឹកឥដ្ឋរងការខូចខាតផ្នែកខាងមុខចំណែក រីឯរថយន្តដឹកដីវិញ មិនខូចខាតនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនោះមិនមានអ្នករងរបួស។
សមត្ថកិច្ចបានចុះពិនិត្យវាស់វែង និងឲ្យភាគីទាំងអស់ចរចាគ្នា ក្រោយមក ភាគីខាងរថយន្តដឹកដីសុំរួចខ្លួន ដោយឡែកភាគីខាងរថយន្តក្រុមហ៊ុនតេឡា និងរថយន្តដឹកឥដ្ឋដោះស្រាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ តុង សីហា