ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បាន ឃាតកបុរសជាប្តីសម្លាប់ប្រពន្ធ គេចខ្លួនបានមួយសប្តាហ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសជាឃាតក សម្លាប់ប្រពន្ធដោយមានស្នាមជាំស្ទើរសុះសាច់ កាលពីយប់ថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៨ នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតនោះ ត្រូវបានសមត្ថកិច្ចចាប់បានហើយ កាលពីវេលាម៉ោង០៦និង៣០នាទីព្រលប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅភូមិគោកក្តួច ឃុំតាម៉ឺន ស្រុកថ្មគោល ខណៈរត់ទៅសម្ងំរស់នៅជាមួយសាច់ញាតិរបស់ខ្លួននៅទីនោះ ។

បុរសជាប្តីកំណាចរូបនេះឈ្មោះ បឿន សំប៊ូ ហៅប៉ាវ អាយុ២៥ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ក្រោយពេលចាប់ខ្លួន ជនសង្ស័យបានសារភាពថា រឿងនេះកើតឡើងដោយសារភ្លើងប្រចណ្ឌ។

អធិការរង នគរបាលក្រុងប៉ោយប៉ែតទទួលបន្ទុកព្រហ្មទណ្ឌ លោក ព្រំ ពិសិដ្ឋ បានឲ្យថាជនសង្ស័យសារភាពថា រូបគេពិតជាបានសម្លាប់ប្រពន្ធពិតប្រាកដមែន ដោយវាយនឹងដងកាំបិត ដែលមានប្រវែង៤៣សង់ទីម៉ែត្រ ព្រោះតែភ្លើងប្រចណ្ឌ ប៉ុន្តែមិនបានបញ្ជាក់ឲ្យដឹងថា ប្រចណ្ឌនាងជាប្រពន្ធទៅនឹងបុរសណានោះទេ។

លោកអធិការរង បញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ កាន់ និកា អាយុ២៤ឆ្នាំ ត្រូវបានស្ត្រីជាម្តាយក្មេកឃើញដេកស្លាប់ក្នុងបន្ទប់ កាលពីយប់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៨ និងបង្កភ្ញាក់ផ្អើលពេញភូមិ ព្រោះតែជនរងគ្រោះមានស្នាមជាំពេញខ្លួន និងផ្ទៃមុខ ។ ការស្លាប់របស់ស្រ្តីម្នាក់នេះ ត្រូវបានអ្នកស្រុកនាំគ្នាដាក់ការសង្ស័យថា ជាអំពើរឃាតកម្មដោយសារស្នាដៃប្តីជាមនុស្សញៀនថ្នាំ ព្រោះពួកគាត់តែងតែឃើញជនរងគ្រោះត្រូវប្តីវាយធ្វើបាបជាញឹកញាប់។

យ៉ាងណាលោកអធិការរងប្រាប់ថា នៅម៉ោង២និង៣០នាទីរសៀលថ្ងៃទី៤ ខែមេសាឆ្នាំ២០១៨ ជនសង្ស័យត្រូវយកទៅធ្វើត្រាប់ពីសកម្មភាពវាយសម្លាប់ប្រពន្ធនៅផ្ទះកើតហេតុក្នុងភូមិប្រជាធម្មលិច មុននឹងបញ្ជូនទៅតុលាការ ៕ សហការី


ចែករំលែក៖