ខេត្តសៀមរាប៖ បន្ទាប់ពីកិច្ចបើកកិច្ចប្រជុំពេញអង្គ រួចហើយ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំ។ សម្តេចតេជោបានបង្ហាញនូវក្តីរីករាយដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣នាពេលនេះ។
ក្នុងសន្និសីទសាព័ត៌មាននេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកទាំង០៤បានពិភាក្សាផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាប្រឈមនៅក្នុងអាងទន្លេមេគង្គហើយបានប្តេជ្ញារួមគ្នាបង្កើនប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងលើកកំពស់តួនាទីរបស់គណៈកម្មការទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាពក្នុងតំបន់ កិច្ចសហប្រតិបត្ដិការដើម្បីសម្រេចបាននូវការគ្រប់គ្រងធនធានទឹ និងធនធានពាក់ព័ន្ធដ៏ទៃទៀតក្នុងអាងទន្លេមេគង្គ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងនាមជាម្ចាស់ផ្ទះ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលដ៏សំខាន់របស់គណៈកម្មការទន្លេមេគង្គចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២នៅឆ្នាំ២០១៤ នៅប្រទេសវៀតណាម ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសសមាជិកដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍។
ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គបានពិភាក្សាពីឱកាស និងបញ្ហាប្រឈមនានានៅក្នុងអាងទន្លេមេគង្គដូចជា៖ បញ្ហាសេដ្ឋកិច្ចឆាប់រហ័សកំណើនប្រជាជន កំណើនតម្រូវការទឹក ម្ហូបអាហារ ថាមពលនគរូបនីយកម្ម ឧស្សាហូបនីយកម្ម ការបាត់បង់សម្បត្តិបរិស្ថានដូចជាដីសើម ជលផល និងការកាប់បំផ្លាញព្រៃឈើជាដើម ដែលទាំងអស់នេះទាមទារអោយរួមគ្នាដោះស្រាយជាបន្តបន្តបន្ទាប់ទៀត។
ប្រមុខរដ្ឋាភិបាលនៃប្រទេសទន្លេមេគង្គបានកំណត់សកម្មភាពអាទិភាពដោយផ្តោតសំខាន់លើការពង្រឹង និងលើកកម្ពស់កិច្ចខិតខំរួមគ្នាសម្រេចអោយបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅអាងទន្លេមេគង្គដូចជា៖
– លើកកម្ពស់ការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវផែនការយុទ្ធសាស្រ្តរបស់គណៈកម្មការទន្លេមេគង្គឆ្នាំ២០១៦-២០២០ ។
– បន្តពង្រឹងការអនុវត្តវិធាននីតិវិធីទាំងអស់របស់គណៈកម្មការទន្លេមេគង្គស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ធនធានទឹកដែលពាក់ព័ន្ធនៅអាងទន្លេមេគង្គ។
– បន្តពង្រឹងដល់សកម្មភាពត្រួតពិនិត្យតាមវិមជ្ឈការនៅអាងទន្លេមេគង្គនៅថ្នាក់ជាតិ។
– ពង្រឹងការអនុវត្ដន៍ នៃការឃ្លាំមើលអាងទន្លេមេគង្គកណ្តាលនៅកម្រិតថ្នាក់តំបន់។
– លើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគំនិតផ្តួចផ្តើម និងយន្តការក្នុងតំបន់ និងអន្តរជាតិ។
ក្រៅពីនោះ ប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងលើកទឹកចិត្តឱ្យគណៈកម្មាធិការទន្លេមេគង្គក្លាយជានិរន្តភាពហិរញ្ញវត្ថុដោយខ្លួនឯងនៅឆ្នាំ២០៣០ ហើយបន្តពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាគណៈកម្មាធិការចម្រុះលេខាធិការដ្ឋានគណៈកម្មាធិការទន្លេមេគង្គគណៈកម្មាធិការទន្លេមេគង្គថ្នាក់ជាតិ។ ជំរុញឱ្យគណៈកម្មការទន្លេមេគង្គបន្តប្រមូលប្រាក់ពីប្រភពផ្សេងៗដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់ខ្លួន។
សន្និសីទសាព័ត៌មានក៏បានប្រកាសថា កិច្ចប្រជុំគណៈកម្មការទន្លេមេគង្គលើកទី៤នឹងប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ២០២២ នៅក្នុងប្រទេសឡាវ។ ដូច្នេះ សេចក្តីប្រកាសខេត្តសៀមរាបនេះ បានកំណត់ទិសដៅជាយុទ្ធសាស្ត្រនាពេលអនាគតសម្រាប់ជំរុញ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងការសហការ និងភាពជាដៃគូរួមគ្នាដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅអាងទន្លេមេគង្គ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ