ខេត្តបាត់ដំបង ៖ តែមួយភ្លែតសោះស្រ្តីម្នាក់បាក់ជើងស្តាំម្ខាង ត្រូវបានគេ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ដើម្បីសង្គ្រោះខណៈដែលកំពុងឈប់សំចតម៉ូតូ នៅលើចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តធំមួយគ្រឿង បានរេមកបុកទាំងកំរោល ដោយសារ តែអ្នកបើកបររថយន្តបាត់បង់ភាពជាម្ចាស់ការ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ គឺបានកើតឡើងនៅវេលាម៉ោង ៧ និង ៤៥នាទី ព្រឹកថ្ងៃ ពុធ ៤ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅស្របគ្នាពីកើត ទៅលិច ។
សាក្សីបាននិយាយថា នៅមុនពេលកើតហេតុមានរថយន្ត មួយគ្រឿង ម៉ាក FUSO (ដឹកខ្សាច់) ពណ៌ត្រួយចេក មួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ ៣A ០៥៧៦ បើកបរដោយឈ្មោះ អ៑ុង ម៉ាឡាំ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិភ្នំតូច ឃំុភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បាន ធ្វើដំណើរ ក្នុងទិសដៅពី ភ្នំពេញ ទៅ បាត់ដំបង ។
លុះពេលកំពុងបើកមកដល់ត្រង់ចំណុចខាងលើ រថយន្តនេះ បានគេចពីរថយន្តមួយគ្រឿងទៀត ទើបធ្វើអោយេចង្កូតធ្លាក់ចេញពីផ្លូវ ទៅបុកនឹង ម៉ូតូមួយគ្រឿង ម៉ាក ហុងដា C១២៥ពណ៌ខ្មៅ ស៊េរី ២០១៧ ដែលបើកបរដោយឈ្មោះពូយ មុំ ភេទស្រី អាយុ៣១ ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី បណ្តាលឲ្យស្រ្តីអ្នកបើកម៉ូតូរបួសយ៉ាងធ្ងន់ធ្ងរ រហូតបាក់ជើងខាងស្តាំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចទៅដល់វាស់វែងរួចនាំយកយានយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី រង់ចាំធ្វើការដោះស្រាយជាក្រោយ ៕ សហការី