ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់រងរបួសធ្ងន់ដោយសារជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ទាំងសងខាង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូ និងម៉ូតូបញ្ច្រាសគ្នាហើយបត់ឆ្វេង ខ្វះប្រុងប្រយត្ន័កាលពីវេលាម៉ោង៧យប់ ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចលើ ផ្លូវក្រាល​កៅស៊ូ ស្ថិតក្នុងភូមិស្រម៉រ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ម៉ូតូបង្កហេតុ ម៉ាក គុបជ្រុង ពណ៌ ទឹកប៊ិចគ្មាន ស្លាក​លេខ បើកបរដោយឈ្មោះ ម៉ែន ស៊ីណាត អាយុ ៤៤ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀងដោយ រង​របួសធ្ងន់ បាក់ជើង​ខាងឆ្វេង(មិនពាក់មួកសុវត្ថិភាព) ។

ចំណែកភាគីម្ខាងទៀតមានឈ្មោះ ហ៊ឹម ចាន់រ៉ា អាយុ ២២ឆ្នាំ មុខរបរ កម្មករ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាក​លេខ ស្វាយរៀង ១G ៧៥៦៦ ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក គុបជ្រុង ពណ៌ទឹកប៊ិចអត់ស្លាកលេខដោយធ្វើដំណើរទិសដៅពីលិចទៅកើតហើយក៏បានបត់ឆ្វេងមិនប្រយត្ន័ស្រាប់តែ មានម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាក​លេខ ស្វាយរៀង ១G ៧៥៦៦ ដែលបញ្ច្រាសគ្នាក៏ប៉ះដៃចង្កូតម៉ូតូបណ្តាលឲ្យបុកគ្នាពេញទំហឹងធ្វើឲ្យដួល រណូករណែលនៅនឹងកន្លែងកើតហេតុ។

ក្រោយមកអ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ និងយកភាគីទាំងសងខាងមកកាន់មន្ទីពេទ្យ និងវាស់វែងម៉ូតូទាំងពីរគ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ឃុំស្វាយរំពារ ដើម្បីចាតើការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖