ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជិះម៉ូតូល្មើសច្បាប់ចរាចរជាង១៥០គ្រឿងត្រូវនគរបាលខណ្ឌច្បារអំពៅចាប់ផាកពិន័យ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងគោលដៅពង្រឹងច្បាប់ចរាចរឲ្យមានប្រសិទ្ធភាព ម៉ូតូជាង១៥០គ្រឿង ដែលអ្នកបើកបរល្មើសច្បាប់ចរាចរត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការផាកពិន័យទៅតាមគោលការណ៍ច្បាប់ចរាចរផ្លូវគោល យុទ្ធនាការនេះធ្វើឡើង៣ថ្ងៃជាប់ៗគ្នាគឺថ្ងៃទី៤_៥_៦ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។

លោកឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារ សណ្តាប់ធ្នាប់ចរាចរបានឲ្យដឹងថា ចាប់តាំងពីក្រសួង មហាផ្ទៃដាក់ផែនការឲ្យអនុវត្តច្បាប់ចរាចរដោយចាប់អ្នកបើកបរណាដែល ល្មើសច្បាប់ មកដល់ ពេលនេះកម្លាំងនគរបាលចរាចរខណ្ឌនិងកម្លាំង នៅតាមប៉ុស្តិ៍រដ្ឋបាលបានអនុវត្តជាប្រចាំនៅតាមគោលដៅផ្សេងៗគ្នាដោយចាប់អ្នកបើកបរម៉ូតូណាដែលល្មើសច្បាប់ចរាចរ តែដកហូតយកតែម៉ូតូបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌដើម្បីផាកពិន័យទៅតាមច្បាប់ ដោយឡែកអ្នកបើកបរម៉ូតូធ្វើការអប់រំណែនាំពីច្បាប់ចរាចរ ឲ្យពួកគាត់បានយល់និងយកទៅផ្សព្វផ្សាយបន្តនៅមូលដ្ឋាន ។

លោកអធិការរងបានបន្តថា រយៈពេល៣ថ្ងៃគឺថ្ងៃទី៤_៥_៦ ខែមេសា ឆ្នាំ២០១៨ នគរបាលចរាចរខណ្ឌចាប់ម៉ូតូដែលអ្នកបើកបរជិះល្មើសច្បាប់ចរាចរបានជាង១៥០គ្រឿង ភាគច្រើនអ្នកបើកបរអត់ពាក់មួកសុវត្ថិភាព ម៉ូតូអត់ដាក់កញ្ចក់ បើកបរបញ្ច្រាស់ទិសចរាចរ ។ ចំពោះការផាកពិន័យគឺអនុវត្តទៅតាមគោលការណ៍ច្បាប់ អ្នកអត់ពាក់មួកសុវត្ថិភាពពន័យ១៥០០០រៀល អត់ដាក់កញ្ចក់ពន័យ១៥០០០រៀល ចំណែកអ្នកជិះបញ្ច្រាស់ទិសចរាចរពិន័យ២៥០០០រៀល ។

កន្លងមកកម្លាំងនគរបាលខណ្ឌបានចុះអនុវត្តច្បាប់ចរាចរស្ទើគ្របទីកន្លែង ដោយចាប់អ្នកបើកម៉ូតូល្មើសច្បាប់ចរាចរបានរាប់រយគ្រឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការផាកពិន័យ តែឥឡូវនេះលែងបញ្ជូនទៅកាន់ស្នងការដ្ឋានទៀត គឺតម្រូវឲ្យម្ចាស់ចូលខ្លួនមកផាកពិន័យនៅអធិការដ្ឋានវិញម្តង ។

ជាមួយគ្នានេះដែរ សូមអំពាវនាវដល់អ្នកបើកបរម៉ូតូទាំងអស់ត្រូវពាក់មួក សុវត្ថិភាពឲ្យបានគ្រប់ៗគ្នាទាំងអ្នកបើកនិងអ្នករួមដំណើរជាមួយ ទើបអាច បញ្ចៀសបានពីគ្រោះថ្នាក់ដល់ជីវិត ចំពោះម៉ូតូវិញត្រូវមានស្លាកលេខ មានកញ្ចក់ និងត្រូវបើកបរគោរពច្បាប់ចរាចរទាំងអស់គ្នា៕ សណ្តោស


ចែករំលែក៖