ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យតៃកុងងងុយដេកកុងតឺន័ររេចង្កូតបុករថយន្តពេញទំហឹង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អ្នកបើកបររថយន្តកាមរីម្នាក់រងរបួសជាទម្ងន់ ត្រូវបានគេដឹកបញ្ជូនទៅសង្រ្គោះភ្លាមៗ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័ររេចង្កូតមកបុកចំពីមុខពេញទំហឹង។ ក្រោយកើតហេតុ អ្នកបើកបររថយន្តកុងតឺន័រ បានចុះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១ និង២៥នាទី រំលងអធ្រាត្រ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៣-៨៤ ស្ថិតក្នុងភូមិទី១ (ដីអំបិល) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រថយន្តបង្កម៉ាក FREIGHTLINER (កុងតឺន័រ) ពាក់ស្លាកលេខ ភ្នំពេញ 3D-6269 ក្បាលពណ៌ស កន្ទុយខៀវ។ ចំណែកភាគីម្ខាងទៀត គឺរថយន្តរងគ្រោះ ម៉ាកតូយ៉ូតាកាមរី ពាក់ស្លាកលេខ កោះកុង 2A-0018 អ្នកបើកបរឈ្មោះ នឺន ណា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅផ្ទះលេខ១៤ ផ្លូវលេខ៣២៦Z ក្រុម២ សង្កាត់ផ្សារដើមគរ ខណ្ឌដូនពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័របើកបរក្នុងទិសដៅពីលិចទៅកើត។ ចំណែករថយន្តកាមរីបើកបរពីកើតទៅលិច។ លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តកុងតឺន័ររេចង្កូតទៅបុករថយន្តកាមរីចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តកាមរី រងរបួសជាទម្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះភ្លាមៗនៅឯមន្ទីរពេទ្យ។ ដោយឡែកអ្នកបើកបររថយន្តបង្ក ក្រោយឃើញដូចនេះ បានចុះពីលើរថយន្ត រួចគេចខ្លួនបាត់ស្រមោល។

ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ក្រោយវាស់វែងរួចរាល់ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការតាមនីតិវិធី៕ សេនាស័ក្តិ


ចែករំលែក៖