ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលចាប់ខ្លួនក្នុងករណីហិង្សាដោយចេតនា ក្រោយពីជនសង្ស័យខាងលើបានយកកាំបិតប៉័ងតោកាប់ទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៦និ០៥នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចមុខវត្តភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ វង្ស វីន ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិអន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ រស់ ពិសិទ្ធភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយអំពារស្រុកមុខកំពូល ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមានកាំបិតប៉័ងតោចំនួន១ផងដែរ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះបានមកចូលរួមក្នុងកម្មវិធីជប់លៀងនៅក្នុងសាលាអនុវិទ្យាលយ័សិរីមង្គល (វត្តភូមិថ្មី) ដោយមានចាក់ធុងបាស់រាំលេងកំសាន្តសប្បាយផង ។ លុះមកដល់វេលាម៉ោង១៦ ជនសង្ស័យបានសង្ស័យថា មានគេចង់លួចពួនស្ទាក់វាយមកលើខ្លួន ខណៈនោះក៏ទៅយកកាំបិតប៉័ងតោដែលគេសៀតនៅជញ្ចាំងសាលាយកសៀតចង្កេះ រួចដើរចេញមកក្រៅសាលា ហើយជិះម៉ូតូជាមួយមិត្តទៅហៅលោកនាយកសាលា រួចហើយក៏ជិះម៉ូតូជាមួយមិត្តភក្តិត្រឡបមកចូលក្នុងសាលារៀនវិញ ខណះជិះមកដល់ចំណុចកើតហេតុមុខក្លោងទ្វារវត្តខាងត្បូង ជនរងគ្រោះមានបំណងវាយជនសង្ស័យ តែជនសង្ស័យដឹងខ្លួនទាន់ ក៏បានដកកាំបិតប៉័ងតោពីចង្កេះកាប់ទៅលើជនរងគ្រោះចំគល់ដោះនិងកែងដៃខាងស្ដាំ ។ ក្រោយពីធ្វើសកម្មភាពរួច ភ្លាមនោះជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួន ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យរកាកោង ។

ក្រោយពីមានហេតុការណ៏កើតឡើង ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖