ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ទៀត ក្រោយធ្វើសកម្មភាពកាប់យុវជន២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ កាលពីល្ងាច ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ម្នាក់ក្នុងចំណោមបក្សពួក៤នាក់ទៀត ក្នុងករណីហិង្សា (ប្រើដាវកាប់ទៅលើយុវជន២នាក់រងរបួសធ្ងន់)កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

យោងតាមប្រភពពីលោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុ បូរី ភេទប្រុស អាយុ២០ឆ្នាំមុខរបរ ជាងជួសជុលរថយន្ដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកបក្ខពួកចំនួន៣នាក់ទៀតកំពុងរត់គេចខ្លួន ។ ចំណែកជនរងគ្រោះទី១-ឈ្មោះ នួន ហាវអ៉ីង ភេទប្រុស អាយុ១៩ ឆ្នាំមុខរបរ សិស្ស ស្នាក់នៅម្ដុំជម្ពូវ័ន្ដ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ និងទី២-ឈ្មោះ ហួ ពៅ អាយុ២១ ឆ្នាំមុខរបរ សិស្ស ស្នាក់នៅម្ដុំជម្ពូវ័ន្ដ ។

លោកនាយប៉ុស្ដិ៍ បានបន្ដទៀតថា មុនពេលកើតហេតុកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ឈ្មោះ លឹម ម៉េងឃី បានទូរស័ព្ទប្រាប់ជនសង្ស័យឈ្មោះ ស៊ុបូរី ហៅ ម៉ូ ថា ឈ្មោះ ហួ ពៅ និង ឈ្មោះ នួន ហាវអ៉ីង ឲ្យតែឃើញប្អូនរបស់ឈ្មោះស៊ុ បូរី ចូលសាលារៀនកាប់វាចោលតែម្តងទៅ ។ លុះដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៧ និង ៣០ នាទីយប់ ជនសង្ស័យបានជិះម៉ូតូ២គ្រឿង ដែលមានគ្នា៤នាក់ និងមានដាវ១ដើម ទៅអង្គុយចាំកាប់ជនរងគ្រោះនៅមុខក្លោងទ្វារសាលារៀនជម្ពូវ័ន្ដ លុះមួយសន្ទុះក្រោយមកជនរងគ្រោះឈ្មោះហួ ពៅ និង នួន ហាវអ៉ីង បានជិះម៉ូតូចេញពីសាលារៀនជម្ពូវ័ន្ដ ដោយមានឌុបនារីម្នាក់មួយ ពេលនោះជនសង្ស័យជិះម៉ូតូចំនួន២គ្រឿងដែលមានគ្នា៤នាក់ តាមរហូតមកដល់សាលាយ៉េស៊ូ តាមបណ្ដោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ពេលនោះឈ្មោះ ស៊ុ បូរី បានឲ្យឈ្មោះ ខុន លីហេង អ្នកបើកម៉ូតូ ឲ្យអែបម៉ូតូក្បែជនរងគ្រោះឈ្មោះ ហួ ពៅ បន្ទាប់មកជនសង្ស័យឈ្មោះ ស៊ុ បូរី ដកដាវកាប់ទៅលើជនរងគ្រោះ ឈ្មោះ ហួ ពៅ ចំក្បាលចំនួន២ដាវ រួចជនសង្ស័យបានលោតចុះពីលើម៉ូតូបន្ដទៅកាប់ឈ្មោះ នួន ហាវអ៉ីង ចំនួន១ដាវបណ្ដាលឲ្យរងរបួសដៃខាងឆ្វេង ភ្លាមៗនោះជនសង្ស័យទាំងអស់បាននាំគ្នារត់គេចខ្លួននិងបានបោះដាវចោលក្នុងលូ ។

រហូតមកដល់ថ្ងៃទី៦ខែ មេសា ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបានម្នាក់នាំមកធ្វើការសាកសួរបន្ត ដើម្បីតាមចាប់បក្ខពួកជនដៃដល់៣នាក់បន្ដទៀត ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕ស តារា


ចែករំលែក៖