ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បានព្រួតវាយរបួសទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជននោះបានដើរមកបម្រុងនឹងធ្វើសកម្មភាពកាច់សោកម៉ូតូប្រជាពលរដ្ឋកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះជួលខាងកើតផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យម្នាក់បានដើរចុះ ដើរឡើង ជិតម៉ូតូដែលម្ចាស់ចតទុកនៅមុខបន្ទប់ជួល ដោយសារតែនៅទីនោះ ឧស្សាហ៍បាត់ម៉ូតូជាញឹកញាប់ហើយឃើញសង្ស័យជននោះ ក៏ចាំមើល ខណៈជននោះបម្រុងធ្វើសកម្មភាពទើបប្រជាពលរដ្ឋចាប់ឆែកឆេរនៅលើដងខ្លួន ឃើញសម្ភារសម្រាប់កាច់សោកម៉ូតូទើបវាយម្នាក់មួយដៃមួយជើងហើយបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។
ក្រោយកើតហេតុដោយសារតែជនសង្ស័យសន្លប់ទើបហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ដើម្បីសង្គ្រោះ រួចក៏នាំខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ