ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ជើងឆ្វេងម្ខាង និងពីរនាក់ទៀតរបួសស្រាល បន្ទាប់ពីមានបុរសម្នាក់ និងស្រ្តីម្នាក់បើករថយន្តមួយគ្រឿងមិនគោរពភ្លើងស្តុបបុកពេញទំហឹង ខណៈជនរងគ្រោះទាំងបីនាក់ កំពុងជិះម៉ូតូឆ្លងកាត់ស្តុបភ្លើងចរាចរពណ៍ខៀវ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូល ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបសំណង់(12)ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរ និងស្ត្រីម្នាក់ទៀតបើករថយន្តមួយគ្រឿងម៉ាកលុចសុីស RX300 ពណ៌សពាក់ស្លាកលេខភ្នំពេញ2N-3761 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦៥ទិសដៅពីជើងទៅត្បូងលុះមកចំណុចកើតហេតុស្តុបបែកជាបួនភ្លើងក្រហមកែង និងផ្លូវលេខ១៨២ ក៏ជ្តុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-2202 ជិះដោយបុរសបីនាក់ ធ្វើដំណើរទិសដៅពីលិចទៅកើត ដោយចរាចរណ៍ភ្លើងខៀវ ពេញទំហឹងបណ្តាលបុរសម្នាក់រងរបួសបាក់ជើងឆ្វេងម្ខាង ចំណែកពីរនាក់ទៀត រងរបួសស្រាល។ ភ្លាមៗនោះប្រជាពលរដ្ឋឃើញហេតការណ៍នេះ បានមកឃាត់រថយន្តបង្កនៅនឹងកន្លែងដើម្បីរដោះស្រាលគ្នា។
ក្រោយកើតហេតុ ភាគីខាងម៉ូតូ មិនដឹងជាយ៉ាងម៉េចនោះទេ បានទាញម៉ូតូចេញពីកន្លែងកើតហេតុរួចបានលើកមិត្តភក្តិដែលរងរបួសបាក់ជើងម្ខាងលើកដាក់លើម៉ូតូរួចបន្តដំណើរទៅមុខបាត់ មិនបានចាំសមត្ថកិច្ចចុះមកវាស់វែង និងមិនចាំទារសំណងពីម្ចាស់រថយន្តនោះឡើង ចំណែករថយន្តបានបើកបន្តដំណើរទៅមុខបាត់ស្រមោល ៕ សុខាសែនជ័យ