ខេត្តសៀមរាប៖ បុរសម្នាក់ បានចាក់ប្រពន្ធចុងប្រមាណជាង៥កាំបិតចុងស្រួច បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមភ្លាមៗ ទាំងមានផ្ទៃពោះ៤ខែ ព្រោះតែមិនចង់ឮពាក្យថា បែកផ្លូវគ្នា។ ក្រោយប្រពន្ធស្លាប់ប៉ុន្មានម៉ោង បុរសជាឃាតកត្រូវប៉ូលិសចាប់វាយខ្នោះ។
ឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ បានកើតឡើងនាម៉ោង៨និង៣០នាទីយប់ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅលើដងផ្លូវលំ ស្ថិតក្នុងភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម។
ជនសង្ស័យជាប្តីចុងឈ្មោះ ស៊ន់ ទឹក អាយុ៣៦ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅភូមិកើតហេតុខាងលើ មានប្រពន្ធនិងកូនរួចហើយ ឯសពស្ត្រីជាជនរងគ្រោះឈ្មោះ ប៉ក់ ឈាន អាយុ៣៦ឆ្នាំ មានស្រុកកំណើតនិងទីលំនៅភូមិកំពង់ក្របី ឃុំព្រៃគុយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ មានមុខរបរជាកម្មករដូចគ្នា។
អធិការនគរបាលស្រុកសូទ្រនិគម លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានឲ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យ គឺដោយសារតែរូបគេស្រឡាញ់ប្រពន្ធចុង(ស្លាប់)នេះខ្លាំងពេក ហើយមិនចង់បែកផ្លូវគ្នាជាមួយនាង ក្នុងគ្រាដែលនាងបានដឹងរឿងហើយសុំបែកផ្លូវ។ លោកបន្តថា ដំណើររឿងពួកគេស្រឡាញ់គ្នាក្នុងពេលធ្វើកម្មករជាមួយគ្នា។ កាលជួបគ្នាដំបូងនៅឯខេត្តកំពង់ធំ ជនសង្ស័យបានលួងលោមនាងថា រូបគេមិនមានប្រពន្ធកូនអីទេ ហើយពេលនេះ រូបគេចង់រស់នៅជាមួយនាង ដោយបង្កើតគ្រួសារមួយមានកូនប្រុសស្រីដូចអ្នកផងទាំងឡាយ។ សំដីផ្អែមល្ហែមរបស់ជនសង្ស័យ ធ្វើឲ្យនាងព្រមរស់នៅជាមួយគ្នា ជាប្តីប្រពន្ធអស់រយៈពេល៨ខែ និងបានបន្សល់កូនក្នុងផ្ទៃ៤ខែផងដែរ។
លោកបន្តទៀតថា នៅថ្ងៃទី៦ ខែមេសា មុនកើតហេតុ ជនសង្ស័យបានមកផ្ទះប្រពន្ធដើម ភូមិកើតហេតុខាងលើ។ លុះថ្ងៃបន្ទាប់ ប្រពន្ធចុង(នាងរងគ្រោះ)ក៏បានតាមមករកប្តី ដើម្បីសុំយកអត្តសញ្ញាណបណ្ណ័ ទៅបញ្ចប់សំណុំរឿងលែងលះជាមួយប្តីដើម។ តែពេលមកដល់ភូមិកើតហេតុ ជនរងគ្រោះក៏បានដឹងរឿងថា ប្តីហេងស៊យ នេះមានប្រពន្ធនិងកូនរួចហើយ ទើបនាងនិយាយថា បើបងមានប្រពន្ធ និងកូនហើយ សុំរស់នៅជាមួយប្រពន្ធបងចុះ ខ្ញុំសុំតែអត្តសញ្ញាណបណ្ណ័ វិលទៅស្រុកវិញតែប៉ុណ្ណោះ។
លោកអធិការបញ្ជាក់ពីចម្លើយ ជនសង្ស័យទៀតថា ពេលឮនាងនិយាយពីការបែកគ្នាបែបនេះ ជនសង្ស័យមិនចង់បែក ក៏មានគំនិតគិតពីឃាតកម្មនេះតែម្តង។ លុះវេលាម៉ោងកើតហេតុខាងលើ ក្នុងខណៈជនរងគ្រោះកំពុងដើរលើផ្លូវលំជាមួយម្តាយរបស់ខ្លួន ចំណុចកើតហេតុ ក៏ត្រូវជនសង្ស័យយកកាំបិតចុងស្រួច ចាក់ចំកណ្តៀតក្អម១កាំបិត ធ្លាយពោះវៀនចេញមកក្រៅ.ចាក់ដៃឆ្វេង៣កាំបិត និងចាក់ឆ្អឹងស្លាបប្រចៀវ១កាំបិតទៀត បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងផ្លុកឈាម។ ក្រោយចាក់ប្រពន្ធហើយជននេះ ក៏បានដេញចាក់ម៉ែក្មេកថែមទៀត តែត្រូវអ្នកភូមិជួយអន្តរាគមន៍ទាន់ ។
លោកបន្ថែមថា ជនសង្ស័យក្រោយធ្វើសកម្មភាពរួច រូបគេបានទៅដេកអោបសពប្រពន្ធមួយសន្ទុះធំ ទើបរត់គេចខ្លួន។ ជាមួយគ្នានោះ ក្រុមសមត្ថកិច្ចបានសហការគ្នា ដេញចាប់ឃាតករូបនេះក្នុងរយៈពេល១ម៉ោងក្រោយ។
លោកបញ្ជាក់បន្ថែមថា បើទោះបីជាឃាតករូបនេះសារភាពថា ឃាតកម្មនេះផ្តើមចេញពីការមិនចង់បែកផ្លូវក៏ពិតមែន តែជនសង្ស័យបានបញ្ជូនមកកាន់ស្នងការនគរបាលខេត្តដើម្បីចាត់ការបន្ត៕ ប៊ុនរិទ្ធី