ភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់ខណៈកំពុងតែជិះម៉ូតូ ត្រូវបាននារីម្នាក់បើករថយន្តមួយគ្រឿង បើកបរយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នទៅបុកម៉ូតូខាងលើពេញទំហឹង បានរងរបួសយ៉ាងធ្ងន់ ដោយបាក់.កជើងខាងស្ដាំត្រូវបាន រថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវលេខ៤៣០ កែងនិងផ្លូវលេខ៤៦៤ (ផ្លូវបំបែកជា៥ខាងក្រោយសាលាភូមិ៦) ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នារីម្នាក់បានបើករថយន្តបង្កម៉ាអូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-6877 ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុក ម៉ូតូមួយគ្រឿងម៉ាកអ៊ែរប្លែក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC-3628 បើកដោយបុរសជាជនបរទេសមានអាយុប្រហែលជាជាង៣០ឆ្នាំម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ពេញទំហឹង បណ្ដាលឲ្យបុរសជាជនបរទេសជាជនរងគ្រោះបាក់ត្រង់ក.ជើងខាងស្តាំ រងរបួសយ៉ាងធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត យភ្លាមៗផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្នានបានចុះមកដល់កន្លែងកើតហេតុនិងវាស់វែងរថយន្តបង្ក និងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ ៕ ស រស្មី