ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែប្រពន្ធរវល់មិនបានមកហូបបាយ ប្តីយកមួកសុវត្ថិភាពវាយប្រពន្ធឡើងទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ មានរឿងគួរឲ្យហួសចិត្តមួយបានកើតឡើង ដោយសារតែបុរសម្នាក់ស្រវឹង ខឹងប្រពន្ធមិនមកហូបបាយជាមួយបានទៅចាំវាយប្រពន្ធដល់មុខហាងធ្វើការ ។ ខណៈពេលចាំវាយមិនបាន ក៏ជិះម៉ូតូទៅដល់បន្ទប់ជួលយកមួកសុវត្ថិភាពវាយប្រពន្ធ រងរបួសធ្ងន់បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨.៣០នាទីយប់ ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅមុខបន្ទប់ជួលស្ថិតក្នង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះជាប្រពន្ធមានឈ្មោះ ឆេង ស្រីម៉ៅ អាយុ២៧ឆ្នាំ មុខរបរបុគ្គលិក ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានភូមិកំណើតនៅភូមិអណ្តូងក្រសាំង ឃុំឆ្មាំព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំណែកបុរសជាប្តីឈ្មោះ ឡេង ចាន់ថន អាយុ៣១ឆ្នាំ មុខរបរបើករថយន្ត រស់នៅជាមួយគ្នា មានស្រុកកំណើតភូមិងិល ឃុំតាងិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បើតាមជនរងគ្រោះបាននិយាយថា រូបនាង និងប្ដីទើបរៀបការមានជាងបីខែទេ ។ ក្នុងរយៈពេលបីខែដែលរស់នៅជាមួយគ្នានោះ ប្ដីរបស់នាងតែងតែប្រើអំពើហិង្សាជាច្រើនដងមកនៅលើរូបនាង ហើយនាងបានដាក់ពាក្យបណ្ដឹងនៅឯស្រុកកំណើតថែមទៀតផង ។ នៅមុនពេលកើតហេតុ ប្ដីរបស់នាងបានទៅផឹកស៊ីនៅផ្ទះបងប្អូនគេនៅម្ដុំជម្ពូវ័ន ហើយនៅពេលថ្ងៃប្ដីរបស់នាងបានទូរស័ព្ទមកនាងឲ្យមកហូបបានជាមួយ តែនាងក៏ប្រាប់ថា មិនបានទៅទេព្រោះរវល់ធ្វើការងារ ។ គ្រាន់តែរូបនាងថាមិនទៅហូបបាយជាមួយ ប្តីកំហូចរូបនោះបានជេរប្រទេចនាងតាមទូរស័ព្ទ បណ្ដាលឲ្យនាងភិតភ័យខ្លាំងយ៉ាងខ្លាំង ។ ពេលកំពុងធ្វើការ ស្រាប់តែប្ដីរបស់នាងបានរករឿងនាងដល់កន្លែងធ្វើការ ធ្វើឲ្យរូបនាងខ្មាស់បុគ្គលិករួមការងារ ។ ប្រភពដដែលបានបន្តទៀតថា រហូតដល់ម៉ោងកើតហេតុនាងបានជិះម៉ូតូឌុបទៅបន្ទប់ជួលនាង ប្ដីនាងក៏មកដល់ភ្លាមៗផងដែរ ស្រាប់តែពេលនាងកំពុងឲ្យលុយម៉ូតូឌុប ស្រាប់តែប្តីរបស់នាងបានយកមួកសុវត្ថិភាពនៅលើម៉ូតូមកវាយទៅលើនាងជាច្រើនមួក បណ្ដាលឱ្យបែកមួកមួយ ហើយក៏យកមួកមួយទៀតមកវាយទៅលើនាងទាល់តែបែកមួកទាំងពីរតែម្តង ។

ភ្លាមៗនោះនារីរងគ្រោះបានទូរស័ព្ទទៅសមត្ថកិច្ច ហើយប្ដីរបស់នាងបានយកទូរស័ព្ទពីនាងនិយាយជាមួយសមត្ថកិច្ច យ៉ាងគំរោះគំរើយផងដែរ ។ ពេលមកដល់ប៉ុស្តិ៍នគរបាល នារីរងគ្រោះខាងលើបាននិយាយរ៉ាយរ៉ាប់ប្រាប់សមត្ថកិច្ចថា លែងរស់នៅជាមួយគ្នាកើតហើយ ដែលប្ដីរបស់គាត់ធ្វើបាបគាត់ ទាំងផ្លូវកាយ និងផ្លូវចិត្ត គាត់សម្រេចចិត្តថា លែងលះគ្នាហើយ ។

ក្រោយពេលស្តាប់ការរៀបរាប់ពីសំណាក់ស្ត្រីរងគ្រោះ សមត្ថកិច្ចបានណែនាំប្តីប្រពន្ធខាងលើថា សមត្ថកិច្ចបានត្រឹមធ្វើកិច្ចសន្យា រឺទទួលពាក្យបណ្តឹងក្នុងករណីប្រើអំពើហិង្សា ចំណែករឿងចង់លែងលះគ្នា សមត្ថកិច្ចមិនមានសិទ្ធិសម្រេច ទេគឺទៅលែងលះគ្នានៅសាលាសង្កាត់ ៕ សុខាសែនជ័យ


ចែករំលែក៖